មរណភាព​របស់​លោក ម៉ា សេរី គឺ​ការបាត់បង់​ធនធានមនុស្ស​ដ៏​ធំ​ក្នុង​វិស័យ​កីឡា​កម្ពុជា​

08/02/2017 -  385

យោងតាម​ប្រភព​ពី CNC TV ៖ លោក ម៉ា សេរី បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ៥:៥៤​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត បន្ទាប់ពី​បាន​ខំប្រឹង​តស៊ូ ជំនះ​ជាមួយ​ជំងឺមហារីក​ថ្លើម​អស់​ជាច្រើន​ឆ្នាំ​។ តាម​ការបញ្ជាក់​ពី​គ្រួសារ​សព​របស់លោក ម៉ា សេរី ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​របស់​លោក ក្បែរ​ផ្សា​ហេង​លី​រាជធានី​ភ្នំពេញ​។​

លោក ម៉ា សេរី នាពេល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​គ្របគ្រង​ផ្នែក​កីឡា​នៅ​ក្រុមហ៊ុន CBS (​ទូរទស្សន៍ CTN CNC MyTV) ហើយ​លោក ម៉ា សេរី មាន​អាយុ ៥៦​ឆ្នាំ កើត​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ត្រកូល​កសិករ​មួយ​ស្ថិតក្នុង​ភូមិ​ខ្នុរ ឃុំ ស្វាយ​អង្គ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង​។ បច្ចុប្បន្ន លោក​ម៉ា សេរី មាន​ភរិយា ឈ្មោះ សុខ សុខុម​, មានកូន ៥ នាក់ (​ប្រុស​៣) និង​ចៅប្រុស​ចៅស្រី ៧​នាក់​។​

សូម​ជំរាប​ថា លោក ម៉ា សេរី ជា​អ្នក​ផលិត​កម្មវិធី​កីឡា​ពោរពេញ​ដោយ​បទពិសោធន៍ និង​ត្រូវ បាន​មហា ជន​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​ទូទាំង​ប្រទេស​កម្ពុជា​ទទួល​ស្គាល់​ថា មាន​ស្នាដៃ​ធំធេង ក្នុង​ការជំរុញ អោយ​វិស័យ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​រស់​ឡើងវិញ​មក​ដល់​សព្វថ្ងៃនេះ​។​

គួររំលឹកថា មុននឹង​ក្លាយជា​អ្នក​ផលិត​កម្មវិធី​កីឡា​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​ពិធីករ​ជើង ចាស់​ផ្នែក​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​នានា​របស់​ក្រុមហ៊ុន CBS នោះ គឺ​កាលពី​ទ​ស្សវ​តទី​៨0 ពី​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៩៣ លោក​ធ្លាប់​ជា​គ្រូបង្រៀន​ភាសារ​អង់គ្លេស ហើយ​នៅ​ទ​ស្សវ​តទី​៩០ លោក​គឺជា​អ្នកបកប្រែ​ភាពយន្ត​ថៃ និង​បញ្ចូល​សំលេង​កម្មវិធី​កីឡា​នៅ​ស្ថានីយ​ទូរទស្សន៍​កងយោធពល ខេមរភូមិន្ទ (TV5) ហើយ​ចាប់ពី​ឆ្នាំ ២០០៣ រហូតមក ទល់​បច្ចុប្បន្ន​នេះ​លោក​បាន​បំរើ​ការងារ នៅ​ក្រុមហ៊ុន​CBS (​ទូរទស្សន៍ CTN CNC MyTV)​។​

សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង​លោក ម៉ា សេរី សូម​ឧទ្ទិស​ដល់​វិញ្ញាខណ្ឌ័​លោក​ទៅ​កាន់់ សុគតិភព​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត