Fernando Torres ដួល​បោក​ផ្ទប់​និង​ទីលាន​សន្លប់​ឈឹង​នឹង​រឹង​ថ្គាម​មួយ​រំពេច​

03/03/2017 -  149

ការលេង​បាល់ទាត់​លើ​ទីលាន​យើង​មិន​អាច​ដឹង​បាន​មុន​ទេ​ថា​អាច​នឹង​មាន​រឿង​អ្វី​កើតឡើង​។ យ៉ាងណាមិញ​ការប្រកួត​គឺជា​ការប្រកួត​ដើម្បី​រក​ជ័យជំនះ​ជូន​ក្រុម ការប៉ះទង្គិច​ក៏​ពិតជា​មាន​។

​កាលពី​រាត្រី​ម្សិលមិញ​ក្នុង​ការប្រកួត​ក្រ​ខ័ណ្ឌ La Liga របស់អេ​ស្ប៉ាញ​គឺ​មាន​រឿង​គួរអោយ​រន្ធត់​មួយ បាន​កើតឡើង​ដោយ​ខ្សែ​ប្រយុទ្ធ Fernando Torres របស់​ក្លិប Atleticio Madrid ដួល​បោក​ផ្ទប់ និង​ទីលាន​សន្លប់​ឈឹង​នឹង​រឹង​ថ្គាម​មួយ​រំពេច​។​

​ហេតុការណ៍​នេះ​កើតឡើង​ក្នុង​កំឡុង​ការប្រកួត​រវាង​ក្លិប Deportivo La Coruna និង Atleticio Madrid ដោយ​បញ្ចប់​ក្នុង​លទ្ធផល ១-១ នៅលើ​ទឹកដី​ក្រុម Deportivo​។​

Torres មាន​វ័យ​៣៣​ឆ្នាំ បាន​ប៉ះទង្គិច​ជាមួយនឹង​ខ្សែការពារ Alex Bergantinos របស់ Deportivo នៅពេលដែល​កីឡាករ​ទាំងពីរ​បាន​លោត​តែ​តបាល់​នៅ​នាទី​ទី​៨៥ ភ្លាមៗ​នោះ​មិត្ត​រួម​ក្រុម​ទាំងអស់​បាន​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ និង​មាន​ការតក់​ស្លត់​យ៉ាងខ្លាំង​ចំពោះ​រឿងរ៉ាវ​នេះ​ហើយ​បន្តិច​ក្រោយ Torres ត្រូវ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​តែម្តង​។​

ជាមួយគ្នា​នោះ​ដែរ​ក្លិប Atleticio Madrid បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «Torres បាន​រងរបួស ក្បាល​។ រូបគេ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ រូប​គេ​នឹង​ត្រូវ​ស្ថិតក្រោម​ការអង្កេត​»​។ ក្រុម​គ្រូពេទ្យ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​រឿងរ៉ាវ​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​ពេលនេះ​គេ​បាន​ដឹងខ្លួន ហើយ​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត