Arsene Wenger ពិតជា​ចាកចេញ​ពី Arsenal នៅ​រដូវ​កាល​ក្រោយ​មែន​ទេ​?

06/03/2017 - Views:128

បន្ទាប់​ពី​រង​បរាជ័យ​ជា​បន្ត​ទៀត​ក្រោម​ការ​ចាញ់​ក្លឹប​ហង្ស​ក្រហម Liverpool ៣-១ អ្នកចាត់ការ ចាស់វស្សា​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger កំពុងតែ​រង​ការរិះគន់​កាន់តែ​ធ្ងន់ ដោយ​អ្នកចាត់ការ​រូបនេះ​បាន​ប្រកួត​ចាញ់ Liverpool ទាំងពីរ​ជើង​រហូត​របូត​គ្រាប់​បាល់​ដល់​ទៅ​៧​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​ឈរ​លេខ​រៀង​ទី​៤​ក៏​មិន​ទាន់​ប្រាកដ ស្របពេល​ដែល  Arsenal បាត់បង់​ឱកាស ក្នុង​ការប្រកួតប្រជែង​ពាន​សឹងតែ​ទាំងអស់​គ្រប់​កម្មវិធី​។​

ដូច្នេះ​អនាគត​របស់​តា​បារាំង Arsene Wenger កាន់តែ​មិន​ច្បាល់លាស់​ជា​មួយ Arsenal ទៀតហើយ បន្ទាប់​ពី​ដឹកនាំ​ចាញ់​ការប្រកួត​ធំៗ​ជាច្រើន​។ ស្រប​ពេល​នេះ​លោក Pual Merson ដែល​ជា​អតីត កីឡាករ​ក្រុម Arsenal បាន​ធ្វើ​ការព្យាករណ៍​ថា​លោក Wenger នឹង​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខនេះ ដោយ​លោក​ជឿ​ថា​ជា​ជម្រើស​ទី​១​នឹង​ទៅ PSG និង​ទី​២​អាច​នឹង​ទៅ Barcelona​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​មាន​ក្លឹប​ជាច្រើន​ទៀត​ដែល​ចង់​បាន​លោក Arsene Wenger ទៅ​ដឹកនាំ​ក្លឹប ស្របពេល​ដែល​មាន​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ពី​ការបណ្តេញ​ចេញ​របស់​លោក នេះ​បើ​តាម​ការ​អោយ ដឹង​ពី​សារពត៌មាន​កីឡា Goal.com​។​

ជា​ស្ថិតិ​លោក Arsene Wenger ដែលមាន​វ័យ​រហូតដល់ ៦៧​ឆ្នាំ​ទៅហើយនោះ​បាន​ចូល​មក​ដឹកនាំ ក្លឹប​កាំភ្លើង​ធំ Arsenal តាំងពី​ឆ្នាំ​១៩៩៦ ដោយ​បាន​នាំ​ជោគជ័យ​អោយ​ក្លឹប​ឈ្នះ​ពាន English Premier League ៣​ដង​, ឈ្នះ​ពាន FA Cup ៦​ដង​, និង​ពាន Community Shield ៦​ដង​ដែរ ក្នុង​រយៈពេល​វែង​ជាង​២០​ឆ្នាំ​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត