Leicester City បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ស្រប​ពេល​ក្លឹប​ធំ​មួយ​ចំនួន​មានការ​ញញើត​ខ្លះៗ​

15/03/2017 - Views:128

ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ហើយ​សំរាប់​អតីត​ជើងឯក​ចាស់​នៅ​លី​គ​កំពូល​អង់គ្លេស​កញ្ជ្រោង​ខៀវ Leicester City ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​អឺរ៉ុប UEFA Champions League​។​

Leicester City បានធ្វើអោយ​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ខ្លួន​កាន់តែ​ល្បី​បន្ទាប់ពី​ក្លឹប​មួយ​នេះ​បាន​ឡើង មកលេង UEFA Champions League នេះ​។ ដោយ​បាន​យក​ឈ្នះ Sevilla ២-០ កាល​ពី​យប់មិញ និង​សរុប​ទាំង​២​ជើង ឈ្នះ ៣-២ បន្ទាប់​ពី​ជើង​ទី​១ នៅ​ទឹកដី​អេ​ស្ប៉ា​ញ Leicester ចាញ់ ២-១​។​

Leicester City ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ថ្មី Craig Shakespeare ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ជើង​ទី​២ នេះ​តែ​យ៉ាងណា​ក៏​ដោយ​ក្រុម​ភ្ញៀវ​ក៏​មាន​ការ​វាយ​បក និង​គ្រប់គ្រង​បាល់​ច្រើនជាង​ម្ចាស់ផ្ទះ​ផង​ដែរ​។ អ្វី​ដែល​សំខាន់​ពេល​នេះ​កញ្ជ្រោង​ខៀវ​បាន​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

ស្របពេល​ដែល Leicester City បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន​នៅ UEFA Champions League យ៉ាង​ដូច្នេះ អ្នកចាំទី​ដៃ​ស្អិត​លំដាប់​ពិភពលោក Gigi Buffon និយាយថា​មិន​ចង់​ឃើញ​ក្រុម Juventus ជួប Leicester City នោះ​ទេ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ហើយ​បន្ថែម​ថា Leicester ពួកគេ​មាន​មហិច្ឆតា និង​កម្លាំងចិត្ត​ខ្លាំងក្លា ថែមទាំង​មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេល​៕ ​ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត