កូន​ខ្មែរ​ដំបូង​ដែល​ធ្វើ​ដំណើរ​ផ្សងព្រេង ប្រមាណ ៣០០០​គ​.​ម ដោយ​ប្រើ​ម៉ូតូ​តម្លៃ​ត្រឹមតែ ២០០​ដុល្លារ​

17/04/2017 - Views:128

​លោក​អ្នក​ធ្លាប់តែ​បានដឹង និង​កោតសរសើរ​នូវ​ការធ្វើ​ដំណើរ​ផ្សងព្រេង​ពី​ប្រទេស​មួយ ទៅកាន់​ប្រទេស​មួយ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​របស់​ជនជាតិ​បរទេស ប៉ុន្តែ​កាល​ថ្មីៗ​នេះ អ្វី​ដែល​គួរ​ឲ្យ​កោតសរសើរ និង​មាន​មោទនភាព​នោះ គឺ​ដោយ​កូន​ខ្មែរ​របស់​យើង​ក៏​មានឲកាស និង​ភាពក្លាហាន​ដែល​បាន​ធ្វើដំណើរ​ផ្សងព្រេង​ដោយ​ម៉ូតូ​របស់​ខ្លួន ពី​ប្រទេស​វៀតណាម មកកាន់​ប្រទេស​កម្ពុជា​ដោយ​ប្រើ​រយៈពេល​ដល់​ទៅ ៧​ថ្ងៃ​។​

​លោក ហ្សា​កូ​លីន ដែល​ជា​ជនជាតិ​ខ្មែរ​ចូលចិត្ត​ប្រើប្រាស់​នូវ​ម៉ូតូ​ធំ​ក្នុងការ​ធ្វើ​ដំណើរ​របស់​ខ្លួន​គ្រប់​ទីកន្លែង​បានបង្ហាញ​ពី​អារម្មណ៍​របស់​លោក បន្ទាប់ពី​បាន​ធ្វើដំណើរ​ផ្សងព្រេង​ឆ្លង​ប្រទេស​អស់​រយៈពេល​ដល់​ទៅ​៧​ថ្ងៃ តែ​ម្នាក់ឯង​បាន​រៀបរាប់ថា​៖ “​ខ្ញុំបាទ​ឈ្មោះ ហ្សា​កូ​លីន អ្នកជិះ​ម៉ូតូ​ផ្សងព្រេង​ទោល​ដំបូង​បំផុត​ជនជាតិខ្មែរ​។ នេះ​គឺជា​ដំណើរ​ផ្សងព្រេង​របស់ខ្ញុំ​នៅ​ប្រទេស​វៀតណាម​។ ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង Hanoi ដោយ​ប្រើប្រាស់​ឡានក្រុង​អស់​រយះពេល ៤៨ ម៉ោង ហើយ​ក៏​ចេញ​ដំណើរ​ពី​ក្រុង Hanoi មក​រាជធានី​ភ្នំពេញ​វិញ​ដោយ​ប្រើប្រាស់​ម៉ូតូ​ដែល​ទិញ​ក្នុង​តំលៃ​ត្រឹមតែ ២០០ ដុល្លារ​ក្នុង​រយៈ​ចំងាយ​ប្រហែលជា​ជិត ៣០០០ គីឡូ​ម៉ែត​ហើយ​ប្រើ​អស់​ពេល ៧ ថ្ងៃ​ឆ្លងកាត់​ទីក្រុង​ដូចជា Thanh Hoa, Hue, Da Nang, Nha Trang, Dalat និង​ក្រុង Saigon ហើយ​បញ្ចប់​វិញ​នៅ​រាជធានី​ភ្នំពេញ​។ ដំណើរ​ផ្សងព្រេង​នេះ​ដែរ​បាន​ធ្វើអោយ​ខ្ញុំ​ក្លាយជា អ្នក​ផ្សងព្រេង​ទោល​ដោយ​ប្រើប្រាស់​ម៉ូតូ​ជនជាតិ​ខ្មែរ​ដំបូង​បំផុត ដែល​បាន​ជិះ​ពី​ហាណូយ​មក​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ម៉ូតូ​តំលៃ ២០០ ដុល្លារ និង ចំណាយ​ថវិការ​ត្រឹមតែ ២៥០ ដុល្លារ សំរាប់​ដំណើរ​ផ្សងព្រេង​អស់​រយះពេល ១៦ ថ្ងៃ​។​”

​ជា​ការពិត​ណាស់ នេះ​គឺជា​ដំណើរ​ផ្សងព្រេង​មួយ​ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់​បំផុត ព្រោះ​ដោយ​ជា​ការប្រើប្រាស់​នូវ​ម៉ូតូ ហើយ​ប្រើ​រយៈពេល​យូរ​តែម្នាក់ឯង​នៅតាម​ផ្លូវ​ដែល​វែងឆ្ងាយ​ថែម​ទៀត​នោះ​។ 

 “​ដំណើរ​ផ្សងព្រេង​នេះ​បាន​ធ្វើអោយ​ខ្ញុំ​ស្គាល់​នូវ​មេរៀន​ជីវិត​ជា​ច្រើន មាន​គ្រប់​រសជាតិ គេង​ដី​ក៏មាន ដាច់បាយ​ដាច់ទឹក គេង​ជាមួយ​ឆ្កែ សុំ​ផ្ទះ​គេ​គេង សុំ​បាយ​គេ​ញ៉ាំ ហើយ​ក៏​ដូចជា​ធ្វើអោយ​ខ្ញុំ​យល់​ពី​តំលៃ​នៃ​មិត្តភាព​ដែល​ខ្ញុំ​មិនដែល​បាន​គិត​ដល់​។ ជា​ចុងក្រោយ​ខ្ញុំ​មាន​តែ​ពាក្យ​ថា​អរគុណ​ចំពោះ​មិត្ត​ទាំងអស់​ដែល​បាន​ជួយ​យក​អាសារ​ខ្ញុំ​ក្នុង​ដំណើរ​ផ្សងព្រេង​មួយ​នេះ​។ ខ្ញុំ​នឹង​មិន​ភ្លេចគុណ​នេះឡើយ​។ ដំណើរ​ផ្សងព្រេង​នេះ​ដែរ​នឹង​ក្លាយ​ជា​រឿងនិទាន​នៃ​ជីវិត​ខ្ញុំ​ដែល​មិនអាច​បំភ្លេច​បាន​”  អ្នក​ផ្សងព្រេង​ដែល​ជា​ជនជាតិ​ខ្មែរ​ដំបូង​នេះ​បាន​បន្ថែម​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក ហ្សា​កូ​លីន ដែលជា​ជនជាតិខ្មែរ​បាន​ធ្វើដំណើ​រ​ផ្សងព្រេង​ពី​ប្រទេស​វៀតណាម មក​កាន់​កម្ពុជា​មួយ​រូប​នេះ​បាន​សំណូមពរ​ផងដែរ​ថា​៖ “​តាមពិត​ទៅ​ការ​ផ្សងព្រេង​មិនមែនជា​រឿងរ៉ាវ​ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់​ណាស់​ណា​នោះ​ទេ ប៉ុន្តែ​បើសិនជា​យើង​គ្រប់គ្នា​ស្រឡាញ់ និង​ចូល​ចិត្ត​នឹង​ការ​ផ្សងព្រេង​បែបនេះហើយ គួរតែ​មាន​ភាពក្លាហាន​ធ្វើ​វា ហើយ​ទោះជា​មាន​ឧបសគ្គ​យ៉ាងណាក៏ដោយ​ក៏​វា​មិនមែន​ជា​រឿង​រាំងស្ទះ​នោះទេ ដូចជា​ភ្លៀងខ្យល់ ឬក៏​ការធ្វើដំណើរ​ពិ​បាន​យ៉ាងណា​ក៏​ដោយ​នោះ ព្រោះ​បើ​យើង​កំណត់​គោលដៅ​ថា​នឹង​ទៅ យើង​នឹង​ទៅដល់​”​។​

​ដោយ​៖ ណា​តា​

ព័ត៌មានផ្សេងទៀត