​យុ​គ ចិន្ដា ធានាថា នឹង​ផ្ដល់​អត្ថប្រយោជន៍​ការងា​ដល់​សមាជិក​TMS ស្មើគ្នា​

24/05/2017 - Views:128

​ស្របពេល​អ្នកនាង​យុគ ចិន្ដា​បាន​ក្លាយជា​អ្នកគ្រប់គ្រង​នៅក្នុង​ក្រុម​TMS (Talent Managerment Service)​អ្នកនាង​បាន​សន្យាថា និង​ចែករំលែក​ផលប្រយោជន៍​សម្រាប់​តារា​នី​មួយៗ​ឱ្យបាន​ស្មើគ្នា ។​    ​

​អ្នកនាង យុ​គ ចិន្ដា ជា​អ្នកគ្រប់គ្រង​ផ្ទាល់​របស់​ក្រុម​TMS​បាន​លើកឡើងថា បន្ទាប់ពី​បាន ប្រកាស​ឱ្យ​សាធារណៈ​ជា​បាន​ស្គាល់​ក្រុម TMS ជា​ផ្លូវកា​រហើយ នាង​នឹងធ្វើ​ការងារ​ជាមួយ​សមាជិក​ធ្វើ យ៉ាងណា​ឱ្យ​ការងារ​ទៅមុខ​រលូន ពិសេស​នឹងធ្វើ​ការបែងចែក​ផលប្រយោជន៍​តាមរយៈ​ការងារ​ឱ្យបាន ត្រឹមត្រូវ​និង​មាន​តុល្យភាព​សម្រាប់​សមាជិក​ក្នុង​ក្រុម​នីមួយៗ​។ បើទោះជា​មាន​ការបង្ហាញ​ពី​ចំណាប់ អារម្មណ៍​បែបនេះ​ក្ដី​ក៏​នាង​ប្រាប់ថា វា​ក៏​អាស្រ័យទៅលើ​សមត្ថភាព​និង​ការប្រឹងប្រែង​របស់​ពួកគាត់​ផង ដែរ​។​

​អ្នកនាង​បន្ដថា​៖”TMS​ចាត់ទុកថា ជា​គ្រួសារ​មួយ សមាជិក​ក្នុង​ក្រុម​ដូចជា​កូនៗ ដូច្នេះ​ក្នុងនាម ឪពុកម្ដាយ​ត្រូវតែ​បែងចែក​ក្ដី​ស្រលាញ់​ឱ្យ​កូន​ស្មើៗ​គ្នា អ្វីដែល​សំខាន់​គឺ​ពួកគាត់​ត្រូវតែ​បង្កើន​សមត្ថភាព ផ្ទាល់ខ្លួន​ដើម្បី​ពង្រីក​ទីផ្សារ​សម្រាប់​TMS​ដែរ​មានន័យថា​ពួកគាត់​ក៏ត្រូវ​ស្រលាញ់​គ្រួសារ​វិញ​ដែរ​”​។​

​ក្រុម​TMS ត្រូវធ្វើឡើង​ដើម្បី​គៀងគរ​តារា​សិល្បៈ​មាន​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​ដូចជា​បង្កើត ក្បាច់​រាំ​ថ្មីៗ ឬ​បទ​ចម្រៀង​ថ្មីៗ​(Original Song) ដើម្បី​បម្រើ​សេវាកម្ម​ទៅដល់​សាធារណៈជន ឬ​ក្រុមហ៊ុន ដែល​ត្រូវការ​សមាជិក​TMS​។ បច្ចុប្បន្ន​សមាជិក​TMS មាន​តារាចម្រៀង​Original Song 8 រូប និង​ក្រុម រាំ​ពីរ​ក្រុម​។​

​អ្នកនាង​យុគ ចិន្ដា បានបញ្ជាក់​ពី​ការបែងចែក​ផលប្រយោជន៍​ចំពោះ​ការបង្កើត​TMS យើង​មាន យុទ្ធសាស្ដ្រ​និង​ការចចារ​ផ្ទៃក្នុង​ជាមួយ​សមាជិក ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្រុម​មួយ​នេះ​កាន់​តែមាន ប្រជាប្រិយភាព​និង​សក្ដានុពល​លើ​ទីផ្សារ​ក្នុងស្រុក និង​អន្ដរជាតិ​។ ឧទាហរណ៍​ដូច​តារាចម្រៀង​Sem មាន​ក្រុមហ៊ុន ឬ​ផលិតកម្ម​ត្រូវការ​គាត់​ទៅ​ច្រៀង ឬ​សម្ដែង​យើង​អនុញ្ញាត​ឱ្យទៅ ប៉ុន្ដែ​ក្រុមហ៊ុន​នោះ​ត្រូវ ទាក់ទង​ផ្ទាល់​មក​TMS មិនអាច​ទាក់ទង​ទៅ​តារា​សិល្បៈ​ផ្ទាល់​បានទេ​”​។​

​គួ​រំលឹក​ផងដែរ​សក្ដានុពល​របស់​TMS នៅត្រង់​ក្រុម​នេះ​ជ្រក​ក្រោម​ក្រុមហ៊ុន​CBS ដែលមាន ស្ថានីយទូរទស្សន៍​ចំនួន​បី​គឺ CTN MYTV និង CNC ។​ដូច្នេះហើយ​ទើប​អ្នកនាង​យុគ ចិន្ដា មាន​ភាពជឿ ជា​ក់លើ​ការងារ​មួយ​នេះ​៕

 

ដោយ៖ ដាវណ្ណ

ព័ត៌មានផ្សេងទៀត