ទស្សនាវដ្តីForbes បង្ហាញតារាឥណ្ឌា៣ដួងរកចំណូលបានខ្ពស់ឆ្នាំ២០១៧

30/08/2017 -  135

កំពូលតារាភាពយន្តប្រចាំប្រទេសឥណ្ឌា៣ដួងមាន លោក Rukh Khan លោក Salman Khan រួមនិងលោកAkshay Kumar បានជាប់ឈ្មោះក្នុងចំណោមមនុស្ស១០០នាក់ក្នុងបញ្ជីតារាសិល្បៈដែលរកចំណូលបានខ្ពស់បំផុតក្នុងពិភពលោកនៅឆ្នាំ២០១៧ របស់ទស្សនាវដ្តីForbes ដែលជា ទស្សនាវដ្តីដ៏មានប្រជាប្រិយរបស់សហរដ្ឋអាមេរិក។

ការវាស់វែងពីប្រាក់ចំណូលពីកម្មវិធី The Celebrity 100 របស់ទស្សនាវដ្តី Forbes ចាប់ផ្តើមឡើងពីថ្ងៃទី១មិថុនាឆ្នាំ២០១៦ ដល់ថ្ងៃទី១មិថុនាឆ្នាំ២០១៧ មុនពេលគិតពន្ធ និងគិតថ្លៃសេវាគ្រប់គ្រង។

តាមការបង្ហាញជាសាធារណៈនាពេលថ្មីៗនេះពីទស្សនាវដ្តី Forbes អោយដឹងថាក្នុងរយៈពេល១២ខែតារាឥណ្ឌាទាំង៣ដួងខាងក្រោមនេះរកប្រាក់ចំណូលបាន ៖

លោក Shah Rukh Khan រកចំណូលបាន៣៨លានដុល្លារអាមេរិក

លោក Shah Rukh Khan អាយុ៥១ឆ្នាំកើតនៅថ្ងៃទី២វិច្ឆិកាឆ្នាំ១៩៦៥ ជាតារាភាពយន្តឥណ្ឌាដ៏ល្បីល្បាញម្នាក់។ លោក បានចាប់ផ្តើមអាជីពជាតារាសម្តែងនៅក្នុងឧស្សាហកម្មភាពយន្តឥណ្ឌានៅឆ្នាំ១៩៨៨ និងបានបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ លោក Shah Rukh Khan ឬត្រូវបានគេស្គាល់ថា SRK បានរៀបការនៅឆ្នាំ១៩៩១ និងមានកូន៣នាក់។

លោក Salman Khan រកចំណូលបាន៣៧លានដុល្លារអាមេរិក

 លោក Salman Khan ជាតារាភាពយន្តឥណ្ឌាចាប់ផ្តើមអាជីពនៅឆ្នាំ១៩៨៨ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ បច្ចុប្បន្ន លោក Salman Khan មានអាយុ៥១ឆ្នាំ។ លោកកើតនៅថ្ងៃទី២៧ធ្នូ ឆ្នាំ១៩៦៥។

លោក Akshay Kumar រកចំណូលបាន៣៥,៥លានដុល្លារអាមេរិក

លោក Akshay Kumar ជាតារាភាពយន្តឥណ្ឌាចាប់ផ្តើមអាជីពដំបូងនៅឆ្នាំ១៩៩១និងបន្តមកដល់ពេលបច្ចុប្បន្ន។ លោក Akshay Kumar មានអាយុ៤៩ឆ្នាំ កើតនៅថ្ងៃទី៩កញ្ញាឆ្នាំ១៩៦៧។ លោកបានរៀបការជាមួយនាង Twinkle Khanna ក្នុងឆ្នាំ២០០១ និងមានកូន ២នាក់។

សូមបញ្ជាក់ថា កំពូលតារាភាពយន្តឥណ្ឌាទាំង៣នាក់ខាងលើនេះ ក៏បានបង្ហាញវត្តមាននៅក្នុងបញ្ជីកាលពីឆ្នាំកន្លងទៅផងដែរ។


ដោយ៖ Vibe

 

ព័ត៌មានផ្សេងទៀត