ជំរើសល្អៗសម្រាប់បែបបទរស់នៅប្រកបដោយផាសុកភាព

31/08/2017 - Views:44

ការផ្លាស់ប្តូរតែបន្តិចបន្តួចនៅក្នុងបែបបទរស់នៅ អាចជួយដល់ការរស់នៅរបស់អ្នកប្រកប ដោយផាសុកកាព និងរក្សាបានបែបបទរស់នៅប្រកបដោយទម្លាប់ល្អ។ ការស្រាវជ្រាវនៅពេលថ្មីៗបានរកឃើញថា ទម្លាប់អាក្រក់ចំនួន៤មានដូចជាជក់បារី ផឹកស្រាច្រើន មិនហាត់ប្រាណ និងទទួលទានបន្លែផ្លែឈើមិនគ្រប់គ្រាន់ អាចធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក និងចាស់មុនអាយុដល់ទៅ១២ឆ្នាំ។

ប៉ុន្តែនៅពេលនេះ អ្នកអាចជ្រើសរើសការរស់នៅមួយប្រកបដោយផាសុកភាព ដោយកែតម្រូវទម្លាប់អាក្រក់ទាំងនោះចេញ ហើយបង្កើតឡើងវិញនូវទម្លាប់មានផាសុកភាព។

អនុវត្តន៍តាមទម្លាប់ខាងក្រោមនេះដើម្បីការរស់នៅល្អ និងធ្វើអោយអ្នកមើលទៅក្មេងជាងវ័យ៖

១ : មិនទទួលទានអាហារច្រើនជ្រុលហួសកម្រិត

ទម្លាប់មួយនេះសមនឹងពាក្យបុរាណខ្មែរយើងថា ស្រឡាញ់ខ្លួនអោយស្ងួនចំណី។ ប្រសិនបើអ្នកចង់រង់នៅដល់អាយុ១០០នោះ ការទទួលទានអាហារសមល្មមមិនច្រើនជ្រុលហួសកម្រិត ប្រហែលជាគំនិតល្អមួយ។ តើអ្នកដឹងទេ ហេតុអ្វីពលរដ្ឋជប៉ុននៅតែមាំមួននៅពេលពួកគេមានអាយុច្រើន? នោះក៏ដោយសារតែពលរដ្ឋជប៉ុននឹងឈប់ទទួលទានអាហារភ្លាម នៅពេលពួកគេមានអារម្មណ៍ថា ពួកគេទទួលទានអាហារឆ្អែតបាន៨០ភាគរយ។ ការទទួលទានអាហារតិចសមល្មម អាចជួយអោយអ្នកមិនងាយចាស់។

២ : សម្រាប់អ្នករៀបការហើយ

ការរួមភេទដោយពេញចិត្ត២ទៅ៣ក្នុងមួយសប្តាហ៍ អាចបង្កើនអាយុ៣ឆ្នាំ។ ការរួមភេទក៏អាចជួយកាត់បន្ថយខ្លាញ់ដែលពេលខ្លះដូចទៅនឹងការរត់រយៈពេល៣០នាទី។ ហើយការរួមភេទជាទៀងទាត់ ក៏អាចជួយបន្ថយសម្ពាធឈាម ជួយអោយគេងលក់ស្កប់ស្កល់ ពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារបេះដូង ដែលនាំទៅរកជីវិតមួយមានផាសុកភាព។

៣ : ជៀសវាងមើលទូរទស្សន៍ច្រើន

ចំណាយពេលច្រើននៅមុខកញ្ចក់ទូរទស្សន៍ អាចធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក។ អ្នកដែលមើលទូរទស្សន៍៤ ទៅ៥ម៉ោងក្នុងមួយថ្ងៃ អាចប្រឈមនឹងកម្រិតស្លាប់ដោយសារមូលហេតុផ្សេងៗដល់ទៅ៤៦ភាគរយ ជាងអ្នកដែលមើលទូរទស្សន៍តិចជាង២ម៉ោងក្នុងមួយថ្ងៃ។

៤ : ត្រូវមានទំនាក់ទំនងល្អ

ការស្រាវជ្រាវបានបង្ហាញថា អ្នកនឹងមានហានិភ័យកម្រិតខ្ពស់ចំពោះជំងឺបេះដូងបើគ្មានទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិ និងគ្រួសារ។ ភាពឯកា អាចបង្កហានិភ័យដល់សុខភាពមនុស្សដូចជាមនុស្សមានខ្លាញ់ច្រើន ឬអ្នកជក់បារី។ ភាពឯកោ ក៏បង្កនូវហានិភ័យកម្រិតខ្ពស់ផងដែរចំពោះមនុស្សវ័យចំណាស់ ជាពិសេសអ្នកងាយទទួលរងបញ្ហាបាក់ទឹកចិត្ត។ ដូច្នេះ អ្នកមិនគួរទុកឳពុកម្តាយអ្នកអោយនៅឯកោឡើយ។

៥ : ទទួលទានសុរាត្រឹមត្រូវ

ស្ត្រីដែលផឹកស្រាចាប់ពី២កែវឬច្រើនកែវក្នុងមួយថ្ងៃ ហើយបុរសផឹកស្រាចាប់ពី៣កែវ ឬច្រើន អាចនឹងធ្វើអោយអ្នកនោះ ប្រឈមនឹងបញ្ហាជាច្រើនចាប់រាប់តាំងពីការឡើងទម្ងន់ រហូតដល់ទំនាស់ទំនាក់ទំនងផងដែរ។ ប៉ុន្តែទទួលទានស្រាក្នុងបរិមាណតិច អាចល្អសម្រាប់អ្នកវិញ។ ទទួលទានសុរា១កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង២កែវសម្រាប់បុរស អាចផ្តល់គុណប្រយោជន៍យ៉ាងល្អដល់សុខភាព។

 ៦ : ទទួលទានបន្លែ និងផ្លែឈើ

ទទួលទានផ្លែឈើ និងបន្លែដែលមានវីតាមីនខ្ពស់ និងមានសារធាតុរ៉ែ។ ព្យាយាមទទួលទាន បន្លែ និងផ្លែឈើស្រស់ ជាជាងបន្លែ និងផ្លែឈើកំប៉ុងដែលភាគច្រើនអាហារបន្លែ និងផ្លែឈើកំប៉ុងតែងតែមានបន្ថែមអំបិល ឬស្ករនៅក្នុងនោះ។ ជ្រើសរើសសណ្តែក និងតៅហ៊ូ សម្រាប់ទទួលបានសារធាតុប្រូតេអ៊ីន។ ទទួលទានអាហារធម្មនុញ្ញាតិដូចជា នំបុ័ងស្រូវសាលី ប៉ាស្តាស្រូវសាលី និងអង្ករក្រហម។

៧ : ហាត់ប្រាណ

ហាត់ប្រាណជាប្រចាំថ្ងៃ ប្រហែលជារឿងងាយស្រួលបំផុត ដើម្បីថែរក្សាសុខភាបរបស់អ្នក។ ហាត់ប្រាណដូចជារត់ អាចជួយបង្កើនអាយុអ្នកដល់ទៅ៤ឆ្នាំ។ បន្ថែមលើនេះ ហាត់ប្រាណអាចជួយអ្នកមានសុខភាពបេះដូងល្អ ស្មារតីល្អ។ មិនត្រឹមតែរត់នោះទេ ហាត់ប្រាណដោយការដើរលឿនរយៈពេលតែ៣០នាទីរាល់ថ្ងៃ អាចជួយអ្នកកាត់បន្ថយហានិភ័យបញ្ហាជំងឺបេះដូង។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត