កំហុសនៅពេលព្រឹកដែលមនុស្សជោគជ័យមិនធ្វើ

06/09/2017 -  113

ចាំទេពេលអ្នកនៅក្មេងមានមនុស្សជាច្រើនប្រាប់អ្នកថា អាហារពេលព្រឹកជាអាហារសំខាន់បំផុតប្រចាំថ្ងៃ? ការដាស់តឿនមើលទៅសាមញ្ញដែលរាល់ថ្ងៃបានក្លាយជារឿងឥតន័យ ដូច្នេះពេលរៀននៅមហាវិទ្យាល័យ អ្នកមានឱកាសមិនចាំបាច់ទទួលទានអាហារពេលព្រឹករាល់ព្រឹកឡើយ ប៉ុន្តែពេលនោះហើយទើបដឹងថា អាហារពេលព្រឹកសំខាន់។ ប៉ុន្តែពេលនេះ ក្រៅពីអាហារពេលព្រឹកហើយ តើយើងនឹងត្រូវចាប់ផ្តើមពេលវេលាពេលព្រឹកយ៉ាងណាដើម្បីអោយសកម្មភាពពេញមួយថ្ងៃរបស់យើងមើលទៅរស់រវើក សកម្ម និងក្លាយជាមនុស្សជោគជ័យម្នាក់។

 

ខាងក្រោមនេះ ជាកំហុសពេលព្រឹកដែលមនុស្សជោគជ័យមិនដែលធ្វើឡើយ៖

១/ មិនហាត់ប្រាណ

រាងកាយរបស់មនុស្សយើងត្រូវការដាស់អោយភ្ញាក់អោយរស់រវើក មុនពេលចាប់ផ្តើមការងារប្រចាំថ្ងៃ ហើយស្របពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនត្រូវអង្គុយធ្វើការច្រើនផងនោះ យើងពិតជាត្រូវការដាស់រាងកាយអោយភ្ញាក់យ៉ាងពិតប្រាកដ។ ចាប់ផ្តើមពេលវេលាថ្ងៃថ្មីរបស់អ្នក ដោយការហាត់ប្រាណ ដូចជារត់ ឬយូហ្គា ឬប្រាណផ្សេងទៀត។ ធ្វើដូច្នេះ អ្នកនឹងកត់សម្គាល់ឃើញថា កម្រិតថាមពលរាងកាយរបស់អ្នកនឹងកើនឡើង ហើយមានកម្លាំងស្មារតី ផ្តោតលើការងារប្រចាំថ្ងៃរបស់អ្នក។

២/ ប្រើសម្លេងរោទិ៍ដាស់អោយភ្ញាក់

ប្រសិនបើ អ្នកជ្រើសរើសប្រើសម្លេងរោទិ៍ដាស់អោយភ្ញាក់ អ្នកនឹងបាត់បង់ឱកាសដ៏ល្អបំផុតដែលជួយពង្រឹងស្មារតី។ តើអ្នកដឹងទេ? ការប្រើសម្លេងរោទិ៍ដាក់អោយភ្ញាក់នឹងធ្វើអោយអ្នករងីរងើ ធីងធោង។ ការចុចបិទម៉ាស៊ីនរោទិ៍ហើយត្រលប់ទៅគេងវិញ នឹងធ្វើអោយរាងកាយរបស់អ្នកកើតមានការភាន់ច្រលំ។ ពេលអ្នកភ្ញាក់នៅពេលសម្លេងម៉ាស៊ីនរោទិ៍បន្លឺឡើងនោះ ខួរក្បាលរបស់អ្នកនឹងគិតថា នេះជាពេលត្រូវភ្ញាក់ពីដំណេកហើយ ប៉ុន្តែនៅពេលអ្នកគេងទៅវិញ ខួរក្បាលរបស់អ្នក នឹងគិតថា ជាពេលវេលាភ្ញាក់មិនត្រឹមត្រូវ ហើយព្យាយាមអោយងងុយគេងលង់លក់វិញ។ ហើយនៅពេលសម្លេងរោទិ៍បន្លឺម្តងទៀត នឹងធ្វើរាងកាយ និងខួរក្បាលរបស់អ្នក នឹងកាន់តែយល់ច្រលំ។ សម្លេងរោទិ៍ជាច្រើនដងនឹងធ្វើអោយកើតមានស្មារតីរងីរងើ ធីងធោង។ តើអ្នកមានកត់សម្គាល់ទេថ្ងៃដែលអ្នកប្រើសម្លេងរោទិ៍ដាស់អោយភ្ញាក់ ឬអ្នកចុចបិទសម្លេងរោទិ៍នោះច្រើនដង ធ្វើអោយរាងកាយ និងស្មារតីភ្ញាក់មិនពេញលេញ រងីរងើ ធីងធោង។ ឬអាចភ្លាត់មាត់និយាយថា ហេតុអីក៏ព្រឹកទៅហើយ ខ្ញុំល្វើយណាស់ ខ្ញុំគេងគ្រប់គ្រាន់។

៣/ ភ្ញាក់ភ្លាមរកទូរស័ព្ទ ឬកំព្យូទ័រភ្លាម

ភ្ញាក់ភ្លាមរកទូរស័ព្ទ ឬកំព្យូទ័រភា្លម ជាជម្រើសដ៏អាក្រក់មួយក្នុងការចាប់ផ្តើមថ្ងៃថ្មី។ អ្វីដែល កើតឡើងនៅពេលយើងមើលសារអេឡិចត្រូនិចអ៊ីម៉ែលឬអត្ថបទ គឺយើងភ្លាមៗបានប្រើប្រាស់ខួរក្បាលយើងភ្លាមៗទៅក្នុងស្ថានភាពតានតឹងខ្លាំង។ បែបនេះគឺមានន័យថា អ្នកមិនបានទុកពេលសមរម្យគ្រប់គ្រាន់ដែលខួរក្បាលត្រូវការដើម្បីចាប់ផ្តើមថ្ងៃថ្មីដោយប្រសិទ្ធិភាព។

៤/ ទទូលទានអាហារមិនត្រឹមត្រូវ

តើអ្នកទទួលទានកាហ្វេ នំប័ង ឬគ្រាប់ធុញ្ញាជាតិមានស្កផ្អែមជាអាហារពេលព្រឹកឬ? ទោះជាអាហារទាំងនេះ ទំនងជាអាហារឆាប់រហ័សនៅពេលព្រឹកដ៏មមាញឹកក៏ដោយ ក៏អាហារទាំងនេះ មិនបានផ្តល់ថាមពលដែលអ្នកត្រូវការដើម្បីចាប់ផ្តើមថ្ងៃថ្មីឡើយ។ ទាំងស្ករ និងកាហ្វេអ៊ីន ផ្តល់ថាមពលអោយអ្នកឆាប់រហ័ស ប៉ុន្តែកាហ្វេ និងស្ក នឹងធ្វើអោយអ្នកអស់កម្លាំងលឿនដែរ។ អ្វីដែលអ្នកត្រូវការសម្រាប់អាហារពេលព្រឹកគឺអាហារមានជាតិសរសៃខ្ពស់ និងមានប្រូតេអ៊ីន។

៥/ មើលទូរទស្សន៍ ឬយូថូប

មនុស្សជាច្រើនយល់ថា ការមើលពត៌មានជារឿងដំបូងដែលត្រូវគិតនៅពេលព្រឹក ដើម្បីបានដឹងលឺដំណឹងពិភពលោក។ ប៉ុន្តែពត៌មានខ្លះ ធ្វើអោយអ្នកមើលហើយខឹង ឬមិនសប្បាយចិត្តតិចតួចទៅតាមពត៌មានដែលកើតមានក្នុងសង្គម។

៦/ ចាកចេញពីផ្ទះដោយមិនត្រៀមកិច្ចការដែលត្រូវធ្វើ

ការរៀបចំត្រៀមកិច្ចការដែលត្រូវធ្វើមុនពេលចាកចេញពីផ្ទះ មិនត្រឹមតែជួយអ្នកផ្តោតស្មារតីលើកិច្ចការទាំងនោះទេ ប៉ុន្តែបានជួយអ្នកគ្រប់គ្រងពេលវេលាបានល្អ ធ្វើការងារដោយមិនប្រញ៉ាប់ ប្រញ៉ាល់ មិនភ្លេចមុខភ្លេចក្រោយដែលទាំងនេះអាចជួយអ្នកបញ្ចប់ការងារដោយជោគជ័យ។

កត់ត្រានូវកិច្ចការសំខាន់បំផុតដែលអ្នកចាំបាច់ត្រូវធ្វើ។ គួរកត់ត្រាកិច្ចការរបស់អ្នកលើក្រដាសប្រសើរជាងលើកំព្យូរទ័រ ហើយអ្នកក៏គួរមានកូនសៀវភៅកត់ត្រាជាប់នឹងខ្លួនជាប្រចាំថ្ងៃ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត