តារា​សិល្បៈ​ជាច្រើន​រិះគន់​Coach​សុគន្ធ នីសា​ក្រោយ​ទម្លាក់​កុមារី​អ៊ុក សុ​វណ្ណា​រី​

09/10/2017 -  7410

ក្រោយ​ការសម្រេចចិត្ត​ជ្រើសរើស យក​កុមារី ណូ ឈូ​ស៊ីវ​ហេង ឲ្យ​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ទម្លាក់​កុមារី​អ៊ុក សុ​វណ្ណា​រី ពី​សំណាក់​Coach សុគន្ធ នីសា បាន​ធ្វើឲ្យ​ទស្សនិកជន និង​តារា​សិល្បៈ​ជាច្រើន ផ្ទុះ​ការរិះគន់ ចំពោះ​ការសម្រេចចិត្ត​មួយ​នេះ​។​

តារា​ល្បី​ប្រចាំ​ហ្វេ​សប៊ុក​លោក​Peypey Dy និង​អ្នកសិល្បៈ​ជាច្រើន​ទៀត បាន​រិះគន់​ថា “​តើ​រវាង សុ​វណ្ណា​រី និង សៀវ​ហេង ចំណុច​ត្រង់​ណា ដែល​សុ​វណ្ណា​រី ធ្វើ​អន់​ជាង សៀវ​ហេង​នោះ​? ទាំង​បទ មនោសញ្ចេតនា ទាំង​បទ​អង់គ្លេស ទាំង​បទ​ញ៉ាក់ គ្រប់​ចំរៀង សុ​វណ្ណា​រី ច្រៀង​ឡើង​រណ្ដំ មាន​អឺ​ន មាន​ស្ទីល សម​ទាំង​កាយវិការ សម្ដែង​នៅ​លើ​ឆាក និយាយ​រួម សុ​វណ្ណា​រី គឺ​ធ្វើ​បាន​ល្អឥតខ្ចោះ ជាង សៀវ​ហេង​ច្រើនណាស់ តែ​ចុងក្រោយ​ក្រោម​ហេតុផល គឹ​មានបំណង​ចង់​ទំលាក់​គ្នា​ចោល​តែម្ដង​។ ហួសចិត្ត ដែល​សុគន្ធ នីសា សុខចិត្ត​បោះបង់ចោល អ្នក​ដែល​មាន​សម្ថ​ភាព​ពេញ​ខ្លួន​”​។ ខ្លះទៀត​បាន​បន្ត​រិះគន់ថា "សម្លេង​បែប​ហ្នឹងហើយ នៅ​ធ្លាក់​ទៀត ប្អូន​ហត់​ហើយ ប្អូន​សម្រាក​ចុះ សម័យ​ឥឡូវ គេ​លែង​យក​សម្លេង​ពិរោះ​ទៀតហើយ"​។​

​យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​នេះ ក៏​មាន​មតិ​ជាច្រើន បាន​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត របស់​Coach នីសា ដោយ​អះអាង​ថា គ្មាន​អ្នកណា​ដឹង​ពី​សមត្ថភាព​កូនក្រុមរ​បស់​ខ្លួន​ជាង​គ្រូបង្វឹក​នោះទេ​។ សុ​វណ្ណា​រី ច្រៀង​ពិរោះ ប៉ុន្តែ​បាន​តែ​បទ​មនោសញ្ចេតនា ពី​ដើម​។ ម្យ៉ាងវិញទៀត​កម្មវិធី គឺ​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវ​ចេះ​បត់បែន​សម្លេង គ្រប់​រសជាតិ បើ​ប្រៀប​នឹង​ស៊ីវ​ហេង​គឺ ស៊ី​ហេង​មាន​ប្រជាប្រិយភាព​ជាង​។​

​សូមបញ្ជាក់​ថា កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​០៧ តុលា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Kid Cambodia ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បាន​ជម្រុះ​បេក្ខជន​-​បេ​ក្ខ​នារី ចំនួន​៦​រូប ក្នុងចំណោម​១២​រូប​។ ក្នុងនោះ កូនក្រុម​របស់​Coach សុគន្ធ នីសា ចំនួន​២​រូប​ត្រូវបាន​ចាក​ចេញពី​កម្មវិធី រួម​មាន​កុមារី អ៊ុក សុ​វណ្ណា​រី និង​កុមារា ឈិន សីហា​។ ចំពោះ​ការទម្លាក់​កុមារី អ៊ុក សុ​វណ្ណា​រី គឺ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត