ប្រយត្ន័ផុងខ្លួនជាជនរងគ្រោះ ដោយសារការរួមភេទ តាមអ៊ីនធឺណេត!

10/10/2017 -  12642

មករា៖ សួស្តីVibe ឡេឌី ខ្ញុំឈ្មោះមករា កន្លងមកធ្លាប់បាន មើលអត្ថបទបងជាច្រើន ថ្ងៃនេះមាន​សំណួរ​ចង់សួរបង។ ខ្ញុំមានមិត្តស្រី នៅប្រទេសអូស្រ្តាលី កាលពីនាងមកលេងខ្មែរ យើងបានជួបគ្នា ហើយទំនាក់ទំនង ឈានដល់ស៊ីជម្រៅផងដែរ។ នៅប្រទេសខ្មែរបាន១ខែ នាងក៏ត្រឡប់ទៅវិញ ធម្មតាខ្ញុំ និងនាងតែងតែទាក់ទងគ្នា តាម Video Call។ ជាញឹកញាប់ នាងបបួលខ្ញុំនិយាយ ពីបញ្ហាស៊ិច និងពេលខ្លះ នាងនិយាយ ដូចជាកំពុងរួមភេទ ជាមួយខ្ញុំ ដើម្បីសម្រេចអារម្មណ៍ភេទ របស់នាង។ តើសកម្មភាពនេះ ចាត់ទុកជាការរួមភេទ តាមអ៊ីនធឺណេតទេបង? តើអាចប្រឈមគ្រោះថ្នាក់អ្វីខ្លះ?

Vibe Lady សួស្តីមករា!អរគុណចំពោះការគាំទ្រ។ ទាក់ទងសំណួរប្អូន បងអាចឆ្លើយបានថា សកម្មភាពប្អូន និងដៃគូ គឺជារបៀបមួយនៃការរួមភេទ តាមអ៊ីនធឺណេត។ ការរួមភេទបែបនេះ មានដូចជា ការនិយាយទូរស័ព្ទ ផ្ញើរសារដោយ ប្រើប្រព័ន្ធអ៊ីនធឺណេត ការផ្ញើរអ៊ីម៉ែល ការនិយាយ​តាមវីដេអូខល ដើម្បីផ្លាស់ប្ដូររូបភាព ឬវីដេអូជាមួយដៃគូ ដែលរួមបញ្ចូល ទាំងការនិយាយ ចែចង់ ដើម្បីឈានដល់ ការសម្រេចកាម។ មនុស្សមួយចំនួន ប្រើត្រឹមសារជាអក្សរ ដើម្បីដុតរោលដៃគូ តាមរយៈការសន្ទនា ខ្លះទៀតបានប្រើរូបភាព រូបថតស៊ិចស៊ី រឺរូបខ្លួនឯង ព្រមទាំងវីដេអូ។

ចំណុចដែលសំខាន់ ក្នុងការរួមភេទរបៀបនេះ គឺទំនាក់ទំនង និងការស្រមើស្រមៃ។ មានន័យថា អ្នកមានបំណង ចង់សម្រេចកាម ត្រូវយកអ្វីដែលដៃគូផ្ញើមក មិនថាជាសារ រូបភាព សំឡេង វីដេអូ មកប្រឌិត ក្នុងខួរក្បាល ជាសកម្មភាពរួមភេទ។ គូស្នេហ៍ដែលមានជំនាញនេះ ចូលចិត្តប្រើសំដី ដុតរោលដៃគូរ ការថ្ងូរ ការសុំឲ្យដៃគូធ្វើសកម្មភាព ដូចជារួមភេទមែនទែន។

និយាយជារួម ការរួមភេទបែបមិនប៉ះពាល់ រាងកាយគ្នានេះ គឺមិនប្រឈមនឹង​ការ​ឆ្លងជំងឺ​នោះ​ទេ។ជាទូទៅ ច្រើនតែគូស្នេហ៍ ដែលនៅឆ្ងាយពីគ្នា រឺប្តីប្រពន្ធ បានប្រើប្រាស់វិធីនេះ ដើម្បីបំណេញ​បំណង​ផ្លូវភេទ ហើយអាចបង្ការដៃគូ មិនឲ្យទៅរកសេវាខាងក្រៅ។ គូរស្នេហ៍មួយចំនួន ដែល​មិនទាន់​ចង់ ឲ្យដៃគូររួមភេទផ្ទាល់នឹងខ្លួន ក៏អាចប្រើវិធីនេះដែរ។ យ៉ាងណាក៏ដោយ ការរួមភេទបែបនេះ ត្រូវប្រឈម​នឹងបញ្ហាមួយចំនួនផងដែរ។

ត្រូវប្រាកដ និងទុកចិត្តលើដៃគូរ ព្រោះដៃគូអាចនឹងថតចំលង ការសន្ទនា រូបភាព ឬវីដេអូរបស់អ្នក ហើយយកវាទៅចែកចាយ ក្នុងបណ្តាញសង្គម ក្នុងបំណងមិនល្អណាមួយ ឬជាការគំរាមដើម្បីប្រាក់។ កន្លងមករឿងរ៉ាវបែបនេះ ច្រើនកើតឡើងចំពោះគូស្នេហ៍ដែលបែកបាក់គ្នា ហើយចង់បង្ខូចកេរ្តិ៍ឈ្មោះ រឺជាការសងសឹក។ ហេតុផលមួយទៀត គឺគំរាមយកប្រាក់ជាដើម។

មួយវិញទៀតបញ្ហាអាចកើតមាន ប្រសិនបើមានរូបភាព វីដេអូ រឺសារសន្ទនា ត្រូវបានរក្សាទុក​ក្នុងទូរសព្ទ័ ហើយធ្លាក់ដល់ដៃមនុស្សទី៣។ ​មូលហេតុអាចដោយសារ ច្រឡំផ្ញើរទៅអ្នកផ្សេង មិនមែនដៃគូ បាត់ទូរសព្ទ័ ទូរសព្ទ័ខូចជាដើម។ អ្នកពិតជាមិនអាចមានមុខទៅជួបគេទេ​ ជាពិសេស​នារីតែម្តង។​ មានរឿងមួយទៀត​ដែលអាចកើតមាន ចំពោះអ្នក គឺការស្ដាយក្រោយ ប្រសិនបើអ្នក​ផ្ញើរឲ្យខុសមនុស្ស ពិសេសពេលស្រវឹង ឬប្រើប្រាស់ថ្នាំ។

គ្រោះថ្នាក់ចុងក្រោយ គឺត្រូវប្រយត្ន័ និងដឹងច្បាស់ថា ដៃគូអ្នកជាមនុស្សពេញវ័យ ព្រោះការប្រព្រឹត្ត ជាមួយអនីតិជនវិញ អ្នកអាចមានទោស។


ការរួមភេទតាមអ៊ីធឺណេតពិតជាមានបញ្ហាច្រើន តែអ្នកអាចកាត់បន្ថយបញ្ហាទាំងនោះ ដោយវិធីសាមញ្ញ ៖

ចំពោះដៃគូ៖
១. ផ្ញើរតែរូបភាព ដែលអ្នកទាំងពីរចង់ផ្ញើរ មិនមែនធ្វើដោយការចង់សប្បាយ
២. ត្រូវប្រាកដថាដៃគូអ្នក បើកមើលសារនៅកន្លែង ដែលមានសុវត្ថិភាព
៣. ត្រូវពិនិត្យឲ្យច្បាស់ថា អ្នកផ្ញើរត្រូវមនុស្ស
៤. ត្រូវចាំថាមនុស្ស ដែលអ្នកផ្ញើររូបទៅ អាចនឹងបាត់ទូរស័ព្ទ រូបភាពអាចត្រូវគេលួចយក។
 

ចំពោះអ្នកមិនធ្លាប់ស្គាល់ ៖
១. មិនផ្ញើររូបជាប់អត្តសញ្ញាណមុខ ស្នាមសាក់ ឬស្នាមលើខ្លួនផ្សេងៗ
២. ត្រូវប្រាកដថា រូបអ្នកមានដាក់លេខកូតសំងាត់ ឬលុបរូបភ្លាមៗ ក្រោយពេលមើលរួច
៣. មិនប្រើឈ្មោះពិត ឬអត្តសញ្ញាណពិត
៤. មិនបញ្ជាក់ពីលេងទូរស័ព្ទ អ៊ីម៉ែលឬអាស័យដ្ឋាន
៥. ជៀសវាងប្រាប់លំអិតពីការងារ មិត្តភ័ក្រ្ត ឬទំលាប់របស់អ្នក ។


ការពារខ្លួនពីបញ្ហាច្បាប់ ៖
១. សួរសិនថាមនុស្សដែលអ្នកត្រូវផ្ញើរមានអាយុប៉ុន្មាន បើសង្ស័យថាតិចជាង 18 ឆ្នាំ កុំផ្ញើរទៅ
២. កុំ Sexting និងការរួមភេទតាមអ៊ីនធឺណេត ដែលអាចល្មើសច្បាប់
៣. បើទទួលបានអ្វីមួយ ដែលគិតថា មិនសមទំនងត្រូវលុបចោលភ្លាម។

បើអ្នកឃើញរូបខ្លួនឯងនៅក្នុងវេបសាយ ត្រូវចុច “report button” ឬសួរវេបសាយលុបរូបអ្នក ប៉ុន្តែវាជារឿងដែលពិបាកទប់ស្កាត់ណាស់។

 

ព័ត៌មានផ្សេងទៀត