បញ្ហាលួចបង្កប់កាមេរ៉ា កើតឡើងច្រើន ធ្វើអោយអាជ្ញាធរកូរ៉េខាងត្បូង ជួលអ្នកដើរពិនិត្យ រកកាមេរ៉ាបង្កប់

14/11/2017 -  211

កាមេរ៉ាតូចៗជាច្រើនត្រូវគេដាក់នៅក្នុងទូរស័ព្ទដៃ និងនាឡិកា ឬដាក់នៅស្ថានីយ៍រថភ្លើងក្រោមដី ឬបន្ទប់ផ្លាស់សម្លៀកបំពាក់ នៅកន្លែងហែលទឹក បញ្ហាទាំងនេះ កំពុងបង្កើនការគំរាមកំហែងចំពោះស្ត្រី នៅប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នាដែរ ក៏មានបុរសកូរ៉េខាងត្បូងមួយចំនួន ក៏បានលួចថតសកម្មភាពរួមភេទរបស់ពួកគេ ជាមួយនិងដៃគូ ដោយសម្ងាត់ថែមទៀតផង។ ចំណែកម្ចាស់ផ្ទះសំណាក់វិញ ក៏បានលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ភ្ញៀវ។ រូបថត និងវីដេអូដែលថតបានហើយ មិនត្រឹមតែអ្នកដែលថតបានទាំងនោះ យកទុកមើលខ្លួនឯងទេ ប៉ុន្តែពួកគេ បានដាក់លក់លើបណ្តាញអ៊ីនធើណែតផងដែរ។

កាលពីខែសីហា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសច្ចានឹងចាត់វិធានការតឹងរឹងដោះស្រាយបញ្ហានេះ ដោយសន្យាថា នឹងបង្កើនយុទ្ធនាការស្វែងរកកាមេរ៉ាបង្កប់។ ទាក់ទងនឹងបញ្ហាកាមេរ៉ាបង្កប់ សាលាក្រុងសេអ៊ូល កំពុងតែធ្វើយុទ្ធនាការនេះ។ ចាប់តាំងពីខែសីហាឆ្នាំមុន សាលាក្រុងសេអ៊ូល បានជួលអ្នកស្វែងរកកាមេរ៉ាបង្កប់ចំនួ៥០នាក់ ដែលភាគច្រើនជាស្ត្រី ដើម្បីអោយដើរពិនិត្យរកកាមេរ៉ាបង្កប់ នៅតាមបន្ទប់ទឹក នៅឧស្យានសាធារណៈ ផ្លូវរថភ្លើងក្រោមដី សាលារៀន និងអាគារផ្សេងៗ។

ក្រុមអ្នកធ្វើការងារនេះ បានស្វែងរកកាមេរ៉ានៅក្នុងបន្ទប់ទឹក គ្រប់ជ្រុងនៅក្នុងបន្ទប់ទឹក មានបង្គន់ ទុយោទឹក អាងទឹក ទ្វារ និងអំពូលភ្លើងនៅពិដាន។ លោកស្រី Song អ្នកដើរពិនិត្យរកកាមេរ៉ាបង្កប់ បាននិយាយថា កាមេរ៉ាមានទំហំតូចខ្លាំងណាស់ ដែលធ្វើអោយគេអាចបង្កប់កាមេរ៉ាទាំងនោះ បានគ្រប់ទីកន្លែង។

នៅប្រទេសកូរ៉េខាងត្បូង ការលួចដាក់កាមេរ៉ាបង្កប់ អាចត្រូវជាប់ទោសពន្ធនាគារដល់ទៅ៥ឆ្នាំ ឬពិន័យជាប្រាក់ដល់ទៅ១០លានវ៉ុន។

 

ដោយ៖ vibe

 

ព័ត៌មានផ្សេងទៀត