ធនាគារជាតិ​​នឹងប្រើធម៌​ក្តៅ​ចំពោះ​​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​ដែល​ផ្តល់​​ឥណទាន​​មិន​ត្រឹមត្រូវ​​

05/12/2017 -  925

​ថ្លែង​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំ​លើក​ទី​៤​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្ដីពី​តួនាទី​របស់​បច្ចេកវិទ្យា ក្នុង​ការលើកកម្ពស់​បរិយា​ប័ន្ន ហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​០៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ អ្នកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងឲ្យដឹងថា ធនាគារជាតិ​ស្នើឲ្យ​គ្រប់​គ្រឹះស្ថាន​ធនាគា​រទាំងអ​ស់ ត្រូវតែ​អប់រំ​ដល់​ពលរដ្ឋ ឲ្យ​យល់​ដឹងពី​ការប្រើប្រាស់​កម្ចី​ឲ្យ​ត្រូវ​នឹង​គោលដៅ និង​គោរព​កាតព្វកិច្ច​ខ្ចីប្រាក់ គឺ ខ្ចី​ត្រូវតែមាន​ភារកិច្ច​សង ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​។​

​លោកស្រី​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា នឹង​ចាត់វិធានការ​ក្ដៅ​ទៅដល់​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទាំងឡាយណា​ដែល មិន​ទទួលខុសត្រូវ​ចំពោះ​ការផ្ដល់​ឥណទាន​ទៅដល់​ពលរដ្ឋ ដោយ​មិនបាន​សិក្សា​ឲ្យ​ស៊ីជម្រៅ​ច្បាស់លាស់ មុន​ផ្ដល់​កម្ចី ដែល​នាំឲ្យ​ពលរដ្ឋ​មួយចំនួន​មិន​យល់ច្បាស់ ថែមទាំង​ក្លាយទៅជា​អ្នក​ជំពាក់​បំណុល​វ័ណ្ឌក​ទៅវិញ​។​

​អ្នកស្រី​បាន​ថ្លែង​ឲ្យដឹងទៀតថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​ជា​យុទ្ធនាការ ដើម្បី​អប់រំ​ដល់​ពលរដ្ឋ​។ ធនាគារជាតិ​ក៏បាន​ពង្រឹង​ពី​ការទទួលខុសត្រូវ របស់​ស្ថាប័ន​ហិរញ្ញ​វត្ថ​ផ្ទាល់​តែម្ដង ដោយ​ចាត់វិធានការ​ក្តៅ​ទៅដល់​ស្ថាប័ន​ណា ដែល​មិនបាន​អប់រំ​ដល់​បុគ្គលិក​របស់ខ្លួន ឲ្យ​សិក្សា​លម្អិត​ពី​លទ្ធភាព​អ្នក​ខ្ចី មុននឹង​ឲ្យ​កម្ចី​។ លោកស្រី​មើលឃើញថា គ្រឹះស្ថាន​ខ្លះ​បានដាក់​ទិសដៅ ដល់​បុគ្គលិក​របស់ខ្លួន​ដោយ​ការលើកទឹកចិត្ត​សម្រាប់​ការបញ្ចេញ​ឥណទាន​ច្រើន​ទៅវិញ​។​ចំណុច​នេះ​នាំឲ្យ​មន្ដ្រី​ឥណទាន​ភាគច្រើន​មិន​បានសិក្សា​លម្អិត ពី​លទ្ធភាព​របស់​អ្នក​សង​នោះឡើយ ដែល នេះ​ជា​ហា​នី​ភ័យ​មួយ​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​។​
​អ្នកស្រី​បញ្ជាក់ទៀតថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការផ្ដល់​កម្ចី ដោយ​ពិនិត្យឲ្យ​បានច្បាស់លាស់ ពី​លទ្ធភាព​របស់​អ្នក​ខ្ចី​។ ពុំ​ដូច្នេះ​ទេ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​ទៅដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធន​គា​រណា ដែល​មិនមាន​ការទទួលខុសត្រូវ​ក្នុង​ការផ្ដល់​ឥណទាន​។​

​កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ពិន័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ នូវ​ទឹកប្រាក់​៣០​លាន​រៀល ក៏​ព្រោះតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​អនុវត្ត មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។​

​គួរ​បញ្ជាក់ថា កន្លងមក ដើម្បី​កុំឲ្យ​ពលរដ្ឋ​មាន​ការយល់ច្រឡំ រដ្ឋាភិបាល បាន​ដាក់ចេញ​យុទ្ធនាការ​មួយ​គឺ​«​ស្ថប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអ​ស់ ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ​» ក្នុង​ការទប់ស្កាត់​កុំឲ្យ​មាន​ការឃោសនា​អគតិ នាំ​ពលរដ្ឋ​ច្រឡំ ហើយ​គេចវេស​ពី​ការសង​ត្រឡប់ និង​ថែមទាំង​ព្រមាន​ដល់​អ្នកនយោបាយ​ទាំងឡាយណា ដែល​យក​ការឃោសនា​ធានា​សង​ប្រាក់​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ ដើម្បី​កេងចំណេញ​នយោបាយ​ទៀតផង​៕

ព័ត៌មានផ្សេងទៀត