ការប្រគំតន្ត្រីរបស់ក្រុម SHINee នៅប្រទេសជប៉ុន នឹងធ្វើឡើងតាមគម្រោង

11/01/2018 -  295

ក្រុមតារាចម្រៀង K-pop ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង SHINee នឹងទៅកាន់ប្រទេសជប៉ុន ដើម្បីប្រគំតន្ត្រីនៅទីនោះ ទៅតាមគម្រោងដែលធ្លាប់មាន។

អ្នកគាំទ្រតារាចម្រៀងក្រុមSHINee នឹងនៅតែអាចទស្សនា ការប្រគំតន្ត្រីតារាចម្រៀងរបស់ខ្លួន នៅប្រទេសជប៉ុនបាន នៅខែកុម្ភៈ ខាងមុខ។

លិខិតជាច្រើនសន្លឹកសរសេរដោយដៃ របស់សមាជិក៤រូបទៀតរបស់ក្រុម SHINee ត្រូវបានបង្ហោះ នៅលើគេហទំព័រផ្លូវការ របស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដោយប្រកាសថា ពួកគេ នឹងធ្វើការប្រគំតន្ត្រី នៅប្រទេសជប៉ុន ទៅតាមគម្រោង។

កាលពីខែធ្នូ ក្រុមហ៊ុន SM Entertainment ដែលគ្រប់គ្រងតារាចម្រៀង SHINee ប្រកាសថា SHINee ត្រូវការពេលវេលា ដើម្បីសម្រេច ថាតើ នឹងប្រគំតន្ត្រីនៅជប៉ុន ឬយ៉ាងណា ដោយបន្ថែមថា ពួកគេនៅតែកាន់ទុក្ខ និងមិនអាចទទួលយកការពិត ដែលបាត់បង់សមាជិកក្រុមលោក Jonghyun។

ការប្រគំតន្រ្តី នៅជប៉ុនរបស់ក្រុម SHINee មានឈ្មោះថា SHINee World The Best 2018 មានការប្រគំតន្ត្រីនៅថ្ងៃទី១៧ និង១៨កុម្ភៈ នៅទីក្រុង Osaka និងថ្ងៃ២៦ ដល់២៧ខែកុម្ភៈ នៅទីក្រុង Tokyo។

ក្នុងលិខិតសរសេរដៃក្រុម SHINee លោក Onew បានរៀបរាប់ថា «ខ្ញុំគិតថា ការប្រគំតន្រ្តីមិនអាចធ្វើទៅបានឡើយ ហើយគិតថា យើងមិនអាចសម្តែងបាន។ ប៉ុន្តែអ្នកម្តាយរបស់ Jonghyun បានប្រាប់យើងថា កុំបោះបង់ ហើយខ្ញុំជឿជាក់ថា ប្រសិនបើយើងអាច ផ្តល់ភាពកក់ក្តៅអោយនរណាម្នាក់ដែលឯកា និងឈឺចាប់ ខ្ញុំគួរខិតខំអោយអស់សមត្ថភាព ទោះជាខ្ញុំនៅខ្វះខាតក៏ដោយ»។

ក្នុងលិខិតសរសេរដៃក្រុម SHINee លោក Key បានរៀបរាប់ថា ការសម្រេចធ្វើការប្រគំតន្ត្រីនៅប្រទេសជប៉ុនតាមគម្រោង ប្រហែលជាអ្វីដែលបង Jonghyun ត្រូវការពីពួកយើង។

Key បានកត់សម្គាល់បន្ថែមថា ឆ្នាំ២០១៨ ជាខួប១០ឆ្នាំរបស់ក្រុមSHINe ។

ក្នុងលិខិតផ្សេងទៀតរបស់សមាជិកក្រុម ពួកគេ បានលើកឡើងថា នឹងខិតខំអោយអស់សមត្ថភាពសម្រាប់ការប្រគំតន្រ្តីៅជប៉ុន ដើម្បីរំលឹកដល់លោក Jonghyun។

តារាចម្រៀងវ័យ២៨ឆ្នាំ លោក Jonghyun ដែលមានឈ្មោះពេញថា Kim Jong Hyun ធ្វើអត្តឃាតសម្លាប់ខ្លួនកាលពីថ្ងៃ១៨ធ្នូ ហើយការស្លាប់របស់ Jonghyun បានធ្វើអោយអ្នកគាំទ្រ ទូទាំងសាកលលោកមានការតក់ស្លុតជាខ្លាំង និងមានការជជែកគ្នាពីសម្ពាធជាតារា K-pop។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត