ឧកញ៉ា​ល្បីៗ​៤​រូប​ចូលរួម​ឧបត្ថម្ភ​មូលនិធិ​ស៊ីក្លូ​ម្នាក់​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​

13/01/2018 -  322

​ក្រោយ​ការអំពាវនាវ ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ជុំវិញ​ការចូលរួម​ឧបត្ថម្ភ​ថវិកា សម្រាប់​មូលនិធិ​ស៊ីក្លូ​រួចមក អ្នកឧកញ៉ា​ល្បីៗ នៅ​កម្ពុជា​ចំនួន​៤​រូប បានប្រកាស​ឧបត្ថម្ភ​មូលនិធិ​ប្រចាំឆ្នាំ ចំនួន​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ​។ ការចូលរួម​ឧបត្ថម្ភ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​សំណេះសំណាល និង​ពិសារ​អាហារ រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជាមួយ​អ្នកធាក់ស៊ីក្លូ ជាង​៣០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ឧកញ៉ា ដែល​បាន​ចូលរួម ឧបត្ថម្ភ​មូលនិធិ​ស៊ីក្លូ ក្នុង​មួយ​ឆ្នាំៗ នោះ​រួមមាន​៖ លោក​ឧកញ៉ា គិត ម៉េង ចំនួន​៥​ម៉ឺន​ដុល្លារ​, ឧកញ៉ា លាង ឃុន ចំនួន​៥​ម៉ឺន​ដុល្លារ​, ឧកញ៉ា ថៃ ជា​ហួត ចំនួន​៥​ម៉ឺន​ដុល្លារ និង​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ ចំនួន​៥​ម៉ឺន​ដុល្លារ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ក្នុង​មួយ​ឆ្នាំ​មូលនិធិ​ត្រីចក្រយាន អាច​នឹង​ត្រូវ​ចំណាយ​ក្នុង​រង្វង់ ២៤-៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ប្រមុខ​រដ្ឋាភិបាល បាន​សម្រេច​ដាក់​ថវិកា ចូល​មូលនិធិ​ដំបូង​៥០០​លាន​រៀល ប្រមាណ​១៤​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ឧបត្ថម្ភ​ប្រចាំខែ​ប្រមាណ ២​ម៉ឺន​ដុល្លារ​ថែមទៀត​ផង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត