ឆ្នាំ​២០១៧​ក្រសួងការបរទេស​ជួយសង្គ្រោះ​ពលករ​ខ្មែរ​រងគ្រោះ​ជិត​១​ពាន់​នាក់​

17/01/2018 -  230

 ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ ក្នុង​ឆ្នាំ​២០១៧ ក្រសួង រួម​ជាមួយនឹង​ស្ថានទូត និង​ស្ថាន​កុងស៊ុល បាន​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា ជូន​ដល់​ពលករ​-​ពល​ការិនី​ខ្មែរ រងគ្រោះ នៅ​ក្រៅប្រទេស ឲ្យ​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ ចំនួន​៩៨៦​នាក់ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

សេចក្តីប្រកាស​ព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោម​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​ជិត​១​ពាន់​នាក់​នេះ ត្រូវបាន​សង្គ្រោះ​ពី​ប្រទេស​ចំនួន​៩ ដែល​មាន​ដូចជា​៖

១. ប្រទេស​ថៃ​៖ មាន​ពលរដ្ឋ​ខ្មែរ ចំនួន​២៨៨​នាក់ (​ស្រី​១២៣​នាក់​)

២. ប្រទេស​ឡាវ​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤៩​នាក់ (​ស្រី​៤​នាក់​)

៣. ប្រទេស​វៀតណាម​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៧១​នាក់ (​ស្រី​១១៩​នាក់​)

៤. ប្រទេស​មី​យ៉ាន់​ម៉ា​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​

៥. ប្រទេស​ឥណ្ឌូនេស៊ី​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៣​នាក់ (​ស្រី​២​នាក់​)

៦. ប្រទេស​ម៉ាឡេស៊ី​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣៨២​នាក់ (​ស្រី​២៤៥​នាក់​)

៧. ប្រទេស​សិង្ហ​បុរី​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ក្នុងនោះ​៤​នាក់ ជា​ពល​ការិនី​ជួប​ការលំបាក​ក្នុង​ការងារ និង​១​នាក់​ជា​ពលក​រលើ​ទូក​នេសាទ​

៨. ប្រទេស​ចិន​៖ មាន​ពលរដ្ឋ​ខ្មែរ ជា​ស្ត្រី​ចំនួន​៥៣​នាក់​

៩. ប្រទេស​ជប៉ុន​៖ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា  ចំពោះ​ការសម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការរៀបចំ​មាតុភូមិនិវត្តន៍ របស់​ពលរដ្ឋ​/​ពលករ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន ពី​បទ​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ក្នុង​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ចំនួន​ជា​មធ្យម​ប្រមាណ​ពី​១០០០-១២០០​នាក់ ក្នុង​មួយ​សប្តាហ៍​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត