JICA​ចាប់​យក​ខេត្ត​ក្រុង​៤​បណ្តុះបណ្តាល​ចំណេះដឹង​ព័ត៌មានវិទ្យា​ជា​មូលដ្ឋាន​

01/01/1970 -  104

ក្រសួង​ប្រៃសណីយ៍​កម្ពុជា បាន​សម្ពោធ​បើក​ឱ្យ​ដំណើរការ គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​សមត្ថភាព​ផ្នែក​មូលដ្ឋានគ្រឹះ និង​ជំនាញ​បច្ចេកវិទ្យា សម្រាប់​ការរីកចម្រើន​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​ក្រសួង​ប្រៃសណីយ៍ ។ គម្រោង​បណ្តុះបណ្តាល​នេះ ត្រូវបាន​រំពឹងថា អាច​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ និង​លើកកម្ពស់​ធនធានមនុស្ស​ផ្នែក​ព័ត៌មានវិទ្យា​នៅ​កម្ពុជា និង​កម្រិត​ជីវភាព​រស់នៅ​ប្រជាជន​ដែល​ស្ថិត​នៅក្នុង​តំបន់​គោលដៅ​ខេត្ត​ក្រុង​ចំនួន​៤ ។ រាយការណ៍​ដោយ គង់ ឧត្តម ។​

​លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ និង ICT ថ្លែងថា គម្រោង​នេះ នឹង​អនុវត្ត​ធ្វើយ៉ាងណា​បណ្តុះបណ្តាល​អ្នក​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​តំបន់​គោលដៅ​ចំនួន​៤ មាន ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ និង​ស្វាយរៀង ឱ្យ​បាន​ចំនួន​២.០០០​នាក់ ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ធ្វើការ​ក្នុង​ក្រុមហ៊ុន ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅតាម​ខេត្ត ។​

​លោក​បញ្ជាក់ថា គម្រោង​បណ្តុះបណ្តាល​នេះ​នឹង​យក​កម្មវិធី​សិក្សា​ពី​ជប៉ុន ដែល​មាន​សញ្ញាប័ត្រ​ទទួល​ស្គាល់​ទូលំទូលាយ​កម្រិត​តំបន់ ពី​ប្រទេស​ជប៉ុន​មក​អនុវត្ត ដើម្បី​ជួយ​ឱ្យ​សិក្ខាកាម​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​…
​សំឡេង​លោក សេង សុភាព ៖

​លោក​បញ្ជាក់ថា គម្រោង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ព័ត៌មានវិទ្យា​នេះ បង្កើតឡើង​សម្រាប់​យុវជន​កម្ពុជា​ដែល​ទើបតែ​ចប់​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ ដែល​ចង់​ស្វែងរក​ជំនាញ​មួយ​ពិតប្រាកដ​ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​បាន ។​

​លោក​សេង សុភាព ថ្លែងបន្ត​ថា ភាគី​ជប៉ុន​នឹង​ជួយ​ទៅលើ​ជំនួយ​បច្ចេកទេស ជា​វិធីសាស្ត្រ​បង្រៀន​ក្នុង​រយៈពេល​ខ្លី ដែល​នឹង​នាំទៅ​ដល់​ជំនាញ​ធ្វើ​ពិតប្រាកដ​…
​សំឡេង​លោក សេង សុភាព ៖

​លោក​បញ្ជាក់​បន្តថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន​៤០​នាក់ មក​ពី​ស្ថាប័ន​ដៃគូ​ផ្សេងៗ នៅ​ថ្ងៃ​នេះ​តែម្តង ។​

​គូសបញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​សមត្ថភាព​ផ្នែក​មូលដ្ឋានគ្រឹះ និង​ជំនាញ​បច្ចេកវិទ្យា​មូលដ្ឋាន​នេះ គឺ​ស្ថិតនៅ​ក្រោម​ការគាំទ្រ​នៃ​កម្មវិធី​ភាព​ជា​ដៃគូ​របស់ JICA ហៅ​កាត់​ថា JPP ដែល​ជា​កម្មវិធី​សហប្រតិបត្តិការ​បច្ចេក​ទេស​អនុវត្ត​ដោយ JICA ក្នុង​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២១ ។ កម្មវិធី​នេះ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​គោលដៅ​នៅ​កម្រិត​មូលដ្ឋាន ដោយ​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ដូចជា អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ រដ្ឋបាល​មូលដ្ឋាន និង​សាជីវកម្ម​សាធារណៈ ។ 

​គម្រោង​នេះ ត្រូវបាន​រំពឹងថា អាច​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ និង​លើកកម្ពស់​ធនធានមនុស្ស​ផ្នែក​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការស្តា​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ស្ថិតនៅក្នុង​ខេត្ត​ក្រុង​ចំនួន​៤ គឺ ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ និង​ស្វាយរៀង ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត