រយៈពេល​៣​ឆ្នាំ​មាន​ជនបរទេស​ជាង​១៥០០​នាក់​ទទួលបាន​សញ្ជាតិ​ខ្មែរ​

22/01/2018 -  272

​យោងតាម​របាយការណ៍ បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​អត្តសញ្ញាណ​កម្ម ឆ្នាំ​២០១៤-២០១៧ នា​ថ្ងៃ​ទី​២២ មករា​នេះ បានឲ្យដឹងថា ក្នុង​រយៈពេល​៣​ឆ្នាំ (២០១៤-២០១៧) មាន​ជនបរទេស​ចំនួន ១,៥១៨​នាក់ បាន​ទទួល​សញ្ជាតិ​ខ្មែរ តាមរយៈ​ការស្នើសុំ​, ការទាមទារ​សញ្ជាតិ និង​ការផ្តល់ជូន​ដោយ​ចូល​ស្បថ នៅ​ចំពោះមុខ​តុលាការ​កំពូល​។

​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ បានឲ្យដឹង​ទៀតថា ជនបរទេស ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតិ​តូបនីយកម្ម (​ការទទួល​បាន​សញ្ជាតិ​តាមរយៈ​ការស្នើសុំ​) មាន​ចំនួន​១,១០៨​ច្បាប់ ក្នុងនោះ តាមរយៈ​វិនិយោគទុន មាន​ចំនួន​១,០៥០​ច្បាប់ ស្មើ​១,០៦៨​នាក់​, ជនបរទេស​ដែល​ស្នាក់​នៅ​កម្ពុជា រយៈពេល​៧​ឆ្នាំ មាន​ចំនួន​៥៤​ករណី ស្មើនឹង​៦៤​នាក់ និង​ជនបរទេស​ដែល​មាន​ស្នាដៃ​ពិសេស ដែល​អាច​ទទួល​សញ្ជាតិ​បាន មាន​ចំនួន​៤​នាក់​។​

​ដោយឡែក ការទាមទារ​សញ្ជាតិ និង​ការលះបង់​សញ្ជាតិ មាន​ចំនួន​១០០​ច្បាប់ ស្មើ​១០១​នាក់ ក្នុងនោះ​រួមមាន​៖ តាមរយៈ​អាពាហ៍ពិពាហ៍​ចំនួន​៣១​ច្បាប់ ស្មើនឹង​៣១​នាក់​, លះបង់​សញ្ជាតិ​ចំនួន​៦៩​ច្បាប់ ស្មើនឹង​៧០​នាក់​។​

​រីឯ​ការផ្តល់ជូន​ជនបរទេស ដែល​ទទួលបាន​ព្រះរាជក្រឹត្យ ចូល​សញ្ជាតិ​ខ្មែរ ទៅ​ធ្វើ​សម្បថ នៅ​ចំពោះមុខ​តុលាការ​កំពូល ចំនួន​៧​លើក​ស្មើនឹង​៣៥១​នាក់​។​

​សូមបញ្ជាក់​ថា ច្បាប់​ស្តីពី​សញ្ជាតិ ត្រូវបាន​ប្រកាស​ឲ្យប្រើ​កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​១៩៩៦ ជនបរទេស​ដែល​អាច​ទទួលបាន​សញ្ជាតិ​ខ្មែរ មាន​លក្ខណ្ឌ​ដូចជា ជនបរទេស ត្រូវ​រស់នៅ​ជាមួយ​ប្តី​/​ប្រពន្ធ ជនជាតិខ្មែរ រយៈពេល​៣​ឆ្នាំ ក្រោយ​ពេល​សុំ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​។ ត្រូវ​មាន​ទីលំនៅ ស្នាក់​នៅ​ប្រទេស​កម្ពុជា​ជាប់​ចំនួន​៧​ឆ្នាំ ចេះ​និយាយ​ភាសា​-​អក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ​។

ដោយឡែក សម្រាប់​អ្នក​វិនិយោគិន​បរទេស ត្រូវ​ចំណាយ​ទុន​ចាប់ពី​១,២៥០​លាន​រៀល​ឡើងទៅ និង​ជនបរទេស​ដែល​ផ្តល់​ជា​អំណោយ​ថវិកា ចាប់ពី​១០០០​លាន​រៀល ឡើង​ទៅ​សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត