កម្ពុជា​ទទួលពាន​រង្វាន់​ជា​តំបន់​ទេសចរណ៍​អាស៊ាន​ស្អាត និង​មាន​និរន្តរភាព​

27/01/2018 -  273

​កម្ពុជា​បាន​ទទួលពាន​រង្វាន់​ចំនួន​៤​ប្រភេទ ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក្នុងនោះ​រួមមាន រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន រង្វាន់​បន្ទប់​ប្រជុំ​អាស៊ាន និង​រង្វាន់​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព​អាស៊ាន​។ ការប្រគល់​ពានរង្វាន់​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃ​២៦ មករា កន្លងទៅនេះ​។​

​បើ​តាម​ការបញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ របស់​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា នេះ​ជា​មោទនភាព​មួយ សម្រាប់​កម្ពុជា ដែល​ទទួលបាន​ពានរង្វាន់ ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក្នុងកា​រៀបចំ​តំបន់​ទេសចរណ៍ ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ស្រស់ស្អាត ក្នុង​តំបន់​អាស៊ាន​។​

​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន បាន​ប្រព្រឹត្តទៅ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។

​ក្រសួង​ទេសចរណ៍​កម្ពុជា បានបញ្ជាក់​ថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដល់​ទីក្រុង​អាស៊ាន​ចំនួន​២៣, រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន ដល់​សណ្ឋាគារ​ចំនួន​៤៧, រង្វាន់​បន្ទប់​ប្រជុំ​អាស៊ាន (​ប្រភេទ​ក្នុង​សណ្ឋាគារ​) ដល់​សណ្ឋាគារ​ចំនួន​៤៧ និង​រង្វាន់​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព​អាស៊ាន ដល់​គោលដៅ​ទេសចរណ៍​ចំនួន​១៧​។​

​ក្នុងចំណោម​រង្វាន់​ទាំងនោះ កម្ពុជា ទទួលបាន រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ចំនួន​៣ (​រួមមាន ទីក្រុង​បាត់ដំបង កែប សៀមរាប​) រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន​ចំនួន​៥ (​រួមមាន ១.​សណ្ឋាគារ រី​សត ថ្ងៃ​បាំងឆ័ត្រ ២.​ភូមិ​បៃតង ឋានសួគ៌​ធម្មជាតិ ៣.​សណ្ឋាគារ រី​សត Sokhalay Angkor ៤.​សណ្ឋាគារ រី​សត និង​ភោជនីយដ្ឋាន Nataya Round House Coral Bay ៥.​សណ្ឋាគារ Villa Lang Ka Boutique)

​រង្វាន់​បន្ទប់​ប្រជុំ​អាស៊ាន (​ប្រភេទ​ក្នុង​សណ្ឋាគារ​) ចំនួន​៥ (​រួមមាន ១.​សណ្ឋាគារ រី​សត Sokha សៀម​រាម និង Convention Center ២.​សណ្ឋាគារ Garden City ៣.​សណ្ឋាគារ រី​សត Sokhalay និង Spa ៤.​សណ្ឋាគារ Sofitel ANGKOR Phukettra ៥.​សណ្ឋាគារ រី​សត Apsara Palace) និង រង្វាន់​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព​អាស៊ាន ចំនួន ២ (​រួមមាន ១.​វត្តភ្នំ ភ្នំពេញ ២.​ក​សិ​-​ទេសចរណ៍​ចំការ​ម្រេច​កែប​)​។​

​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ទៀតថា ការប្រគល់​រង្វាន់​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជា​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ ទេសចរណ៍​អាស៊ាន​២០១៦-២០២៥ សំដៅ​ធ្វើឲ្យ​អាស៊ាន ក្លាយ​ជា​គោលដៅ ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត