ឆេះ​មន្ទីរពេទ្យ​​នៅ​កូរ៉េខាងត្បូង​​អ្នកស្លាប់​កើន​ដល់​​៣៧​នាក់​​របួស​ប្រមាណ​​១៣០​នាក់​

01/01/1970 -  146

​មនុស្ស​ស្លាប់​ដោយសារតែ​ភ្លើង​ឆេះ​មន្ទីរពេទ្យ​នៅ​កូរ៉េខាងត្បូង​កើនឡើង​ដល់​៣៧​នាក់​ហើយ និង​ប្រមាណ​១៣០​នាក់​ផ្សេងទៀត​រងរបួស​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ចំណាយពេល​ប្រមាណ​៣​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​ឆេះ​នៅ​មន្ទីរពេទ្យ​Sejong​ស្ថិតក្នុង​ទីក្រុង​Miryang​បាន​។ មន្ទីរពេទ្យ​បាន​ឆាបឆេះ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ស្ទើរតែ​ទាំងអស់​ជា​មនុស្ស​ចាស់ មិនអាច​ធ្វើ​ចលនា​បាន​រហ័សរហួន​។ រីឯ​ជនរងគ្រោះ​ភាគច្រើន​ស្នាក់នៅ​ជាន់​ទីមួយ​និង​ទី​ពីរ ហើយ​បាន​ស្លាប់​ដោយសារតែ​ស្រូប​ផ្សែង​។ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយថា អគារ​មន្ទីរពេទ្យ​គ្មាន​ប្រព័ន្ធ​បាញ់​ទឹក​ទប់ស្កាត់​ពេល​មាន​អគ្គិភ័យ​ទេ​។ គិលានុបដ្ឋាយិកា​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​ជំនួយ​ដោយ​និយាយថា អគ្គិភ័យ​បាន​ផ្ទុះឡើង​នៅ​បន្ទប់​សង្គ្រោះបន្ទាន់​ជាន់​ទីមួយ​។ ចំពោះ​មូលហេតុ​នៅ​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់​ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ខែ​មុន​មាន​មនុស្ស​២៩​នាក់​បាន​ស្លាប់​ដោយសារតែ​អគ្គិភ័យ​ឆេះ​អគារ​មួយកន្លែង ជា​កន្លែង​ហាត់ប្រាណ ស្ទី​ម និង​សូ​ណា នៅ​កណ្ដាល​ប្រទេស​កូរ៉េខាងត្បូង​តែម្ដង​៕

ព័ត៌មានផ្សេងទៀត