៧យ៉ាង ដែលមិនគួរមាន នៅក្នុងបន្ទប់គេង

06/02/2018 -  574

បន្ទប់គេង គួរជាទីកន្លែងសម្រាកកាយ ចិត្ត ដ៏សុខសាន្ត និងមានផាសុកភាព ដូច្នេះដើម្បីរក្សាបន្ទប់គេង អោយស្រលះ មានខ្យល់ចេញ ចូលបានល្អ ងាយអោយអ្នកទទួលទានដំណេក បានលង់លក់ ស្កប់ស្កល់ និងសុខសាន្ត អ្នកត្រូវប្រាកដថា ចំណុចទាំង៧ខាងក្រោមនេះ មិនមាន នៅក្នុងបន្ទប់គេងរបស់អ្នកឡើយ៖

១ ក្រដាសវិក័យបត្រ និងការងារ

គ្រប់យ៉ាងដែលទាក់ទងនឹងការងារ ឬអាជីវកម្មប្រចាំថ្ងៃរបស់អ្នក ត្រូវរក្សាទុកនៅលើតុធ្វើការងារ នៅក្នុងបន្ទប់ផ្សេង។ អ្នកមិនត្រូវយកក្រដាសការងារ ឬកំព្យូទ័រ មកធ្វើការងារ នៅលើគ្រែគេងឡើយ។

២ បច្ចេកវិទ្យា

អ្នកជំនាញរៀបចំផ្ទះ លោកស្រី Helen Sanderson ណែនាំថា បន្ទប់គេង គួរជាកន្លែងគ្មានអេក្រង់ពន្លឺ។ សំភារៈបច្ចេកវិទ្យា ប្រើសម្រាប់ធ្វើការងារ ឬលែងកំសាន្ត គួររក្សាទុកនៅបន្ទប់ធ្វើការ ឬកន្លែងលែងកំសាន្ត។ សម្រាប់លោកស្រី នៅក្នុងបន្ទប់គេង មានតែឧបករណ៍បច្ចេកវិទ្យាចាក់បទភ្លេងសម្រាកបន្ធូរអារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែបើអ្នកមានទូរស័ព្ទ សូមប្រើកម្មវិធីដាក់ពន្លឺសម្រាប់ពេលយប់។

៣ តុនៅក្បែគ្រែគេង

មិនត្រូវរក្សាទុក វត្ថុមិនចាំបាច់ នៅលើកូនតុតូច ក្បែរគ្រែគេងរបស់អ្នកឡើយ។ នៅលើតុតូចនេះ អ្នកគួរតែដាក់ វត្ថុដែលអ្នកត្រូវការជាចាំបាច់ និងក្នុងបរិមាណដ៏តិចតួចបំផុត។

៤ វត្ថុផ្សេងៗនៅក្រោមគ្រែគេង

អ្នកជំនាញរៀបចំផ្ទះ លោកស្រី Vicky Silverthorn លើកឡើងថា លោកស្រី មិននិយម មានប្រអប់ ឬថតគ្រែ នៅក្រោមគ្រែគេងឡើយ។ លោកស្រីនិយម គ្រែគេង ដែលគ្មានអ្វីរក្សាទុកនៅខាងក្រោមគ្រែ។

៥ គំនរសម្លៀកបំពាក់

ដើម្បីចំណេញពេលវេលានៅពេលព្រឹក អ្នកអាចរៀបចំសម្លៀកបំពាក់ពីល្ងាចអោយហើយ បន្ទាប់មកយកទៅទុកលើគ្រែ ឬលើកៅអី។

ជាការពិត រៀបចំសម្លៀកបំពាក់ពីល្ងាចជារឿងល្អ ប៉ុន្តែយកទៅទុកលើគ្រែគេងឬលើកៅអី មិនមែនជារឿងល្អឡើយ អ្នកគួររក្សាកន្លែងចន្លោះទូរ រក្សាទុកសម្លៀកបំពាក់នោះ ក្នុងទូរសម្លៀកបំពាក់ ទើបជារឿងត្រឹមត្រូវ ដែលអ្នកគួរធ្វើ។

អ្នកត្រូវចងចាំថា សម្លៀកបំពាក់ស្អាត រក្សាទុកក្នុងទូរដាក់សម្លៀកបំពាក់ ចំណែកសម្លៀក បំពាក់ប្រលាក់ត្រូវទុកក្នុងកន្ត្រក ដាក់ខោអាវប្រលាក់ដែលត្រូវយកទៅបោកគក់សំអាត។

៦ គ្រឿងសំអាង និងផលិតផលមិនត្រូវការប្រើ

ជាទូទៅមនុស្សគ្រប់គ្នាតែងមានគ្រឿងផាត់មុខ និងផលិតផលថែរក្សាសម្ផស្ស សម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ ប៉ុន្តែអ្នកមិនគួររក្សាទុកក្នុងបន្ទប់គេងឡើយ បើអ្នកពិនិត្យឃើញថា គ្រឿងផាត់មុខ និងផលិតផលថែរក្សាសម្ផស្សរបស់អ្នកមិនបានប្រើសោះក្នុងរយៈពេល៦ខែ។

៧ គំនរសៀវភៅ

រាល់សៀវភៅ ដែលអ្នកបានអានរួចហើយ គួរយកទៅទុក នៅកន្លែងធ្នើរដាក់សៀវភៅវិញ កុំទុកគរ នៅគ្រែគេង ឬក្បែរគ្រែគេង ព្រោះថា អាចមានធូលីនៅជាប់នឹងគំនរសៀវភៅ នាំអោយប៉ះពាល់ដល់ខ្យល់នៅជុំវិញគ្រែគេង។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត