ចូលចិត្តទទួលទានទឹកតែក្តៅមែនទេ? ទទួលទានទឹកតែក្តៅ បង្កើនហានិភ័យកើតជំងឺមហារីក

07/02/2018 -  377

មានមនុស្សជាច្រើនណាស់ មិនអាចចាប់ផ្តើមថ្ងៃធ្វើការដ៏មមាញឹក ដោយគ្មានភេសជ្ជៈចំណូលចិត្តរបស់ពួកគេ ដែលជាតែក្តៅមួយពែងឡើយ។

តាមការសិក្សាថ្មីៗរបស់ប្រទេសចិន បោះផ្សាយនៅក្នុង Annals of Internal Medicine អោយដឹងថា ការទទួលទានទឹកតែក្តៅ អាចបង្កអោយកើតមានមហារីកបំពង់អាហារ ប្រសិនបើ អ្នកនោះ ជាអ្នកផឹកស្រាផង និងជាអ្នកជក់បារីផង។

សម្រាប់អ្នកជក់បារីជាទម្លាប់ និងជាអ្នកផឹកស្រា យ៉ាងតិចម្តងក្នុងមួយថ្ងៃនោះ ការទទួលទានទឹកតែក្តៅ អាចធ្វើអោយពួកគេ ប្រឈមនឹងការកើតជំងឺមហារីកបំពង់អាហារ ដល់ទៅ៥ដង បើប្រៀបធៀប នឹងអ្នកដែលមិនមានទម្លាប់ទាំងនោះ។

សាស្ត្រាចារ្យ Jun Lv ជំនាញ រោគរាតត្បាត និងជីវសាស្ត្រ នៅមហាវិទ្យាល័យរបស់ប្រទេសចិន Peking University School of Public Health រៀបរាប់យ៉ាងដូច្នេះ«យើងរកឃើញថា ទំនាក់ទំនងរវាងការទទួលទានទឹកតែក្តៅ និងហានិភ័យកើតជំងឺមហារីក កើតឡើងលើអ្នកទទួលទានស្រា និងបារី»។

គួររំលឹកថា កាលពីដើមឆ្នាំ២០១៦ អង្គការសុខភាពពិភពលោក World Health Organisation បានសន្និដ្ឋានថា ភេសជ្ជៈក្តៅ រួមមានទឹកតែ ដែលមានកំដៅលើសពី១៤៩អង្សាហ្វារីនហៃ ឬប្រហែលជា៦៥អង្សាសេរ អាចបង្កើនហានិភ័យកើតជំងឺមហារីកបំពង់អាហារ។

យ៉ាងណាក៏ដោយ វិធីថែរក្សាសុខភាពល្អបំផុត អ្នកមិនត្រូវផឹកស្រា ឬជក់បារីនោះឡើយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត