សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA យកទឹកដីកម្ពុជាសម្រាប់ការប្រជុំកំពូល

07/02/2018 -  308

ជារឿងដ៏អស្ចារ្យមួយដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA នឹងរៀបចំកិច្ចប្រជុំ កំពូលរបស់ខ្លួន នៅលើទឹកដីប្រទេសកម្ពុជា នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។

បើតាមលោក ម៉ៃ តុលា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ថានេះជា លើកទី១ហើយ ដែល FIFA បានជ្រើសរើសយកកម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួន។

អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ទៀតនោះ ក្រុមការងាររបស់សហព័ន្ធបាល់ទាត់ពិភពលោកជាអ្នកចុះមករៀបចំទាំងស្រុងនៅកម្ពុជាសម្រាប់កិច្ចប្រជុំនេះដូចជាកន្លែងស្នាក់នៅ ការធ្វើដំណើរ ការរៀបចំទទួលមន្ត្រីនៅប្រលានយន្តហោះ ម្ហូបអាហារ និងកិច្ចការងារផ្សេងទៀតដោយមិនពាក់ព័ន្ធនឹងសហព័ន្ធបាល់ទាត់កម្ពុជាដែលជាម្ចាស់ទឹកដីឡើយ។

ស្រង់សម្ដីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា សមាគមបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានសម្រេចរៀបចំកិច្ចប្រជុំកំពូលក្នុងចំណោមគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីសំណាក់លោក Gianni Infantino ប្រធាន FIFA រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ FIFA ដើម្បីធ្វើការពិភាក្សាដោយ ផ្ទាល់ជាមួយប្រធាន និងអគ្គលេខាធិការរបស់សហព័ន្ធកីឡាបាល់ទាត់ មកពីបណ្តាប្រទេសមួយចំនួន ក្នុងពិភពលោក ដែល FIFA បានញ្ជើញឲ្យមកចូលរួម ក្នុងកិច្ចប្រជុំនេះ៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត