ចិន​គាំទ្រ​ចំណាត់ការ​បង្ក្រាប​ជនជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​នៅលើ​ទឹកដី​កម្ពុជា​

08/02/2018 -  387

​រដ្ឋាភិបាល​ចិន តាមរយៈ​មន្ត្រីការទូត​របស់ខ្លួន បាន​ប្រកាស​ជំហរ​គាំទ្រ ដល់​អាជ្ញាធរ​កម្ពុជា ក្នុង​ការបង្ក្រាប ជនជាតិ​ចិន ដែល​ជា​ពួក​ម៉ាហ្វីយ៉ា ដែល​បង្ក​ការអុកឡុក​រំខាន និង​ប្រព្រឹត្ត​បទល្មើស​នានា នៅលើ​ទឹកដី​កម្ពុជា​។

​ការប្រកាស​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​អភិបាលខេត្ត​ព្រះសីហនុ យន្ត មីន បាន​ផ្ញើ​របាយការណ៍ ស្តី​ពី​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគគិនប​រទេស យ៉ាងច្រើន​ចូលទៅ​ស្នាក់នៅ និង​បណ្ដាក់​ទុក​ក្នុង​ខេត្ដ​នេះ ទៅកាន់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ របាយការណ៍​បាន​បន្ដថា ក្នុងចំណោម​ជន​បរទេស ទាំងនោះ ភាគច្រើន​ជា​ជនជាតិ​ចិន ដែល​មាន​មួយ​ចំនួន​ជា​ពួក​ម៉ាហ្វីយ៉ា បាន​បន្លំ​ខ្លួន​ចូល​ទៅ​ប្រព្រឹត្ដ​បទល្មើស បង្ក​អសន្ដិសុខ និង​ចាប់ជំរិត​អ្នកវិនិយោគ​ជាដើម​។ 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​០៧ កុម្ភៈ លោក ស្យុង បូ តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន បាន​ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​របស់​កម្ពុជា ត្រូវ​មាន​ចំណាត់ការ​តឹងរឹង​បំផុត ចំពោះ​ជនជាតិ​ចិន​ណា ដែល​ប្រព្រឹត្ត​បទល្មើស និង​ស្នើ​កុំឲ្យ មាន​ការបន្ធូរបន្ថយ​ដល់​ជនសង្ស័យ​ណាមួយ តាមរយៈ​ការយោគយល់ នៃ​ទំនាក់ទំនង​ល្អ​រវាង​ចិន​-​កម្ពុជា​ឡើយ​។​

​ជាមួយគ្នានេះ លោក​ស្យុង បូ ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​របស់​ខ្លួន ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ទំនៀមទម្លាប់​របស់​ប្រទេស​នីមួយៗ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលរដ្ឋ ប្រទេស​ដទៃ ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ជុំវិញ​បញ្ហា​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ ខេត្ដ​ព្រះសីហនុ យល់ឃើញថា ជា​សារ​ថ្មី​មួយ បង្ហាញ​ពី​ការ​កិច្ចសហការ​កាន់​ល្អ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​នឹង​បង្កើន​ការ​អនុវត្ដ​ច្បាប់ ឲ្យបាន​តឹងរឹង​កាន់តែខ្លាំងប​ន្ថែ​មទៀត ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​សន្ដិសុខ សុវត្ថិភាព​ឲ្យ​កាន់តែ​ល្អ សម្រាប់​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត