កោះ​​ចំនួន​​៧​ ​និង​​ផ្ទៃ​សមុទ្រ​​ជុំវិញ​​ត្រូវ​បាន​​បង្កើត​ជា​​ឧទ្យាន​​ជាតិ​​សមុទ្រ​​កោះរ៉ុង​

09/02/2018 -  308

បណ្ដុំ​កោះ​ជាច្រើន និង​ផ្ទៃសមុទ្រ​ជុំវិញ​កោះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើតជា​ឧទ្យាន​ជាតិ​សមុទ្រ​លើកដំបូង គឺ​ឧទ្យាន​ជាតិ​កោះរ៉ុង​។ ការសម្រេច​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជា​ផ្លូវការ​នេះ ធ្វើឡើង​តាម​អនុក្រឹត្យ​រដ្ឋាភិបាល ដែលមាន​ចុះហត្ថលេខា​លោក​ហ៊ុន សែន​នៅ​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ 

តាមរយៈ​អនុក្រឹត្យ​នេះ ផ្ទៃដី​កោះ​ដែល​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ឧទ្យាន​ជាតិ​សមុទ្រ មាន​ទំហំ​៥,៣១១​ហិកតា ដែល​កោះ​ទាំងនោះ​មានដូចជា កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ និង​កោះ​ម្នាស់​ក្នុង​។ ដោយឡែក​ផ្ទៃសមុទ្រ​ជុំវិញ​កោះ​ទាំងនេះ ដែលមាន​ផ្ទៃក្រឡា​ទំហំ​៤៧,១៣៧​ហិកតា​ក៏​ស្ថិតក្នុង​ដែន​ឧទ្យាន​ជាតិ​កោះរ៉ុង​ផងដែរ​។​

ឧទ្យាន​ជាតិ​សមុទ្រ​នេះ ត្រូវ​ដាក់ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង ចាត់ចែង​ដោយ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដើម្បី​ធានាឲ្យមាន​ការការពា​របរិ​ស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​។ ជាមួយនេះ ក្រសួងបរិស្ថាន​ត្រូវ​កំណត់ និង​បែងចែក​កាត់​ឆ្វៀល​ផ្ទៃដី​វិនិយោគ ដី​លំនៅដ្ឋាន ដីស្រែ ចម្ការ និង​ដី​អាស្រ័យ​ផល​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​នានា នៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្ដីពី​ការពារ​ធម្មជាតិ​។​

គោលបំណង​ចម្បង​ក្រៅតែពី​ការពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ​ហើយ​នោះ ការបង្កើត​ឧទ្យា​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ ក៏​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុង​ការគ្រប់គ្រង ការការពារ និង​អភិរក្ស​ជីវៈចម្រុះ រួម​នឹង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ បន្ថែម​លើស​នេះ ក៏​ដើម្បី​រក្សា​លំនឹង​បរិស្ថាន រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។​

​គួរ​ជម្រាបជូន​ដែរថា គិត​ត្រឹម​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​មាន​ឧទ្យាន​ជាតិ​ដីគោក​ចំនួន​១២​តំបន់ ដោយ​ក្នុងនោះ​ឧទ្យាន​ជាតិ​ចំនួន​៧ បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ និង​០៥​តំបន់​ផ្សេងទៀត​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ ។ របាយការណ៍​ក្រសួងបរិស្ថាន​បង្ហាញថា ឧទ្យាន​ជាតិ​ទាំង​១២​តំបន់​នេះ លាតសន្ធឹង​លើ​ផ្ទៃដី​សរុប​ជាង​១.៧​លាន​ហិកតា ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ស្ទឹងត្រែង កំពត រតនគិរី ខេត្ត​ព្រះសីហនុ និង​ខេត្តពោធិ៍សាត់​៕


​ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត