ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ធ្លាក់​ពី​អគារ​ជាន់​ទី​៤​ស្លាប់​នៅ​ថៃ​

12/02/2018 -  423

​ស្ត្រី​ខ្មែរវ័​យជាង​៤០​ឆ្នាំ ជា​ពលករ​បម្រើ​ការងា​រ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​អគារ​កំពុង​សាងសង់​ជាន់​ទី​៤ ខណៈ​ឡើងទៅ​សម្អាត​ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គ​នគ​របាល​ជាតិ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​កុម្ភៈ ។ 

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៩ ខែ​កុម្ភៈ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កម្ពស់​៧​ជាន់ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លេខ ២៤​និង​២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ដោយ​មាន​សំឡេង​ស្រែក​ទ្រ​ហ៊ោរ​យំ​ឡើង​កងរំពង ពី​សំណាក់​កូនៗ​របស់​ស្ត្រី​រងគ្រោះ ។ 

​យោងតាម​របាយការណ៍​ពី​ភាគី​ថៃ​បាន​បញ្ជាក់ថា ស្ត្រី​ជា​ពលករ​ខ្មែរ​នោះ​មានឈ្មោះ ឆោន ប៉ោ​ច អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ខ្ចឹង ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។ មន្ត្រី​ស្ថានទូត​កម្ពុជា ដែល​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ បាន​ចុះ​ទៅ​ចូល​ជា​ថវិកា​មួយ​ចំនួន​ដល់​ក្រុមគ្រួសារ​សព និង​បាន​រៀបចំ​ជួយ​សម្រួល ដើម្បី​ឱ្យ​កូនៗ បាន​នាំ​សព​យក​ទៅ​កាន់​ស្រុកកំណើត​វិញ និង​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្មែរ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត