Facebook កំពុងបាត់បង់អតិថិជនវ័យក្មេង ទៅអោយបណ្តាញ Snapchat

13/02/2018 -  236

ប្រសិនបើលោក Mark Zuckerberg ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គមអនឡាញ Facebook និងលោក Evan Spiegel ស្ថាបនិកក្រុមហ៊ុន Snapchat បង្កើតកម្មវិធីជប់លៀង គេជឿជាក់ថា ក្រុមយុវវ័យ នឹងទៅកាន់កន្លែង លោក Evan ជាក់ជាមិនខាន។

អ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមអនឡាញ មានអាយុក្រោម២៥ឆ្នាំប្រមាណ ២លាននាក់ នឹងឈប់ប្រើប្រាស់ Facebook នៅឆ្នាំ២០១៨។ នេះបើតាម ការសិក្សាស្រាវជ្រាវថ្មីពីភ្នាក់ងារeMarketer។

នៅពេលស្របគ្នា ក្រុមហ៊ុន Snapchat នឹងទទួលបានអ្នកប្រើប្រាស់ប្រមាណ១,៩លាននាក់ ចំណែក ខាង Instagram នឹងមានអ្នកប្រើប្រាស់បន្ថែមប្រមាណ១,៦លាននាក់។

ការកើនឡើងអ្នកប្រើប្រាស់ប្រចាំខែរបស់ Facebook គឺមកពីក្រុមមនុស្សវ័យចំណាស់ ច្រើនជាងអ្នកប្រើប្រាស់វ័យក្មេង។ នេះបើតាមការសិក្សា។

អ្នកជំនាញទីភ្នាក់ងារ eMarketer អោយដឹងថា Snapchat ក៏នឹងចាប់ផ្តើម មានអ្នកប្រើប្រាស់ជាមនុស្សវ័យចំណាស់ផងដែរ ដោយសារបណ្តាញអនឡាញមួយនេះ បានកែទម្រង់បណ្តាញ អោយអតិថិជនរបស់ខ្លួន ប្រើប្រាស់បានកាន់តែងាយស្រួល។

ចំណុចនេះ សំនួរសួរថា តើអ្នកប្រើប្រាស់វ័យក្មេង នៅតែចាប់អារម្មណ៍ប្រើប្រាស់ Snapchat ទៀតទេ ប្រសិនបើឳពុកម្តាយ ឬសាច់ញាតិចាស់ទុំ ចូលប្រើប្រាស់ Snapchat ដែរ? នេះជាបញ្ហាដែល Facebook កំពុងប្រឈម។

យ៉ាងណាក៏ដោយ Facebook នៅតែមានចំនួនអ្នកប្រើប្រាស់បណ្តាញនេះច្រើន បើគេគិតពីចំនួនអ្នកប្រើប្រាស់គ្រប់វ័យទាំងអស់ ដែលរាល់ថ្ងៃមានមនុស្សច្រើនជាង១,៤ពាន់លាននាក់ប្រើប្រាស់ Facebook រាល់ថ្ងៃ ហើយ Snapchat វិញ ជារៀងរាល់ថ្ងៃ មានអ្នកប្រើប្រាស់ប្រមាណជា១៨៧លាននាក់តែប៉ុណ្ណោះ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត