ក្រ​សួង​​មួយ​​ព្រ​មាន​​ចាត់​កា​រ​លើ​​ជន​​ណា​​លក់​​ឱសថ​​បំប៉ន​​ផ្លូវ​​ភេទ​បុរស​​GOOD​MAN​

20/02/2018 -  418

​ក្រសួង​សុខាភិបាល បាន​ព្រមាន​ចាត់វិធានការ​តឹងរឹង​តាម​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ដែលមាន​ឈ្មោះថា GOOD MAN គ្មាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព​។

​បន្ទាប់ពី​សង្កេតឃើញថា មាន​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ដែលមាន​ឈ្មោះថា GOOD MAN ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​លក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​ឱ្យ​ឈប់​ជឿ​តាម​ការឃោសនា អកុសល បោកប្រាស ភូតកុហក បំភ្លើសពីកា​រពិត របស់​ជនខិលខូច​មួយ​ចំនួន​តទៅទៀត ពីព្រោះ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN នេះ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ គ្មាន​ការអនុញ្ញាតឲ្យ​នាំចូល​នោះទេ​។​

​តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល បាន​បញ្ជាក់ទៀតថា ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់ និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ សូមកុំ​ជឿ​តាម​ការឃោសនា​ផ្សព្វផ្សាយ​អួតអាង តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស ប៊ុក Facebook ថា សថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN អាច​ព្យាបាល​គ្រលៀ​ន តម្រង​នោម ក្រ​ពេញប្រ៉ូ​ស្ដាត អ័រម៉ូន ពិសេស​បង្កើន​តណ្ហា​ផ្លូវភេទ​បុរស​ឲ្យ​ខ្លាំង​បានយូរ​ឱ្យសោះ​។​

​ជាមួយគ្នា​នោះ ក្រសួង​សុខាភិបាល ក៏បាន​ព្រមាន​ចាត់វិធានការ​តឹងរឹង​តាម​ផ្លូវច្បាប់​ផងដែរ ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ដែលមាន​ឈ្មោះថា GOOD MAN គ្មាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព​នេះ​។ ម្យ៉ាងវិញទៀត​ក្រសួង ក៏បាន​អំពាវនាវ​ឱ្យ​ផ្ដល់ព័ត៌មាន​ជាបន្ទាន់ ក្នុងករណី​បាន​ជួបប្រទះ​ឃើញ​កំពុង​ប្រើប្រាស់ លក់ ចែកចាយ​នូវ​សថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN គ្មាន​ចុះ​បញ្ជិកា​ខាងលើនេះ​ផងដែរ​។​

​សូមបញ្ជាក់ថា កន្លងមក​ក្រសួង​សុខាភិបាល ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​តែ​ឱសថ​ណា​ដែលមាន​ចុះ​បញ្ជិកា​ត្រឹម​ត្រូវ​ជាមួយ​ក្រសួង ដើម្បី​ចៀសវាង​ប៉ះពាល់​បញ្ហា​សុខភាព​៕

ព័ត៌មានផ្សេងទៀត