បុរសជប៉ុន ទទួលបានសិទ្ធិគ្រប់គ្រងកូនទាំង១៣ ដែលកើតពីការជួលស្ត្រីថៃ អោយពរពោះជំនួស

21/02/2018 -  408

តុលាការទីក្រុងបាងកក ប្រទេសថៃ បានសម្រេចផ្តល់សិទ្ធិ ជាឳពុកម្តាយផ្តាច់មុខតែម្នាក់គត់ ទៅអោយបុរសជនជាតិជប៉ុន គ្រប់គ្រងកូនទាំង១៣នាក់របស់ខ្លួន ដែលកើតតាមរយៈការពរពោះជំនួស។

បុរសជនជាតិជប៉ុនម្នាក់នេះមានឈ្មោះថា Mitsutoki Shigeta មានអាយុ២៨ឆ្នាំ ហើយលោកជាកូនប្រុសរបស់មហាសេដ្ឋកិច្ចពត៌មានវិទ្យារបស់ប្រទេសជប៉ុន។

រឿងរ៉ាវរោងចក្រទារក កើតនៅឆ្នាំ២០១៤ ក្រោយប៉ូលីសថៃ បានរកឃើញទារក៩នាក់អាយុរវាង២សប្តាហ៍ និង២ឆ្នាំ ជាកូនរបស់បុរសជនជាតិជប៉ុនរូបនេះ។ ទារកទាំង៩នាក់ រួមនិងទារក៤នាក់ផ្សេងទៀត ក៏ជាកូនរបស់បុរសជនជាតិជប៉ុនម្នាក់នេះដែរ។

ប៉ូលីសថៃ អោយដឹងនៅកាលណោះថា បុរសជនជាតិជប៉ុន បានជួលស្ត្រីថៃពពោះកូនមួយៗរបស់ខ្លួន ក្នុងតម្លៃរវាង៩៣០០ដុល្លារអាមេរិក និង១២៥០០ដុល្លារអាមេរិក។

តាមរយៈមេធាវី អោយដឹងថា កូនមហាសេដ្ឋីជប៉ុនដែលជាឳពុកកូនទាំង១៣នាក់ ចង់មានក្រុមគ្រួសារធំមួយ ហើយក៏មានថវិការគ្រប់គ្រាន់ក្នុងការមើលថែទាំកូនផងដែរ និងចង់អោយកូនរបស់ខ្លួន ជួយមើលថៃសាជីវកម្មរបស់ក្រុមគ្រួសារ។

តុលាការទីក្រុងបាងកកប្រទេសថៃ បានផ្តល់សិទ្ធិជាឳពុកម្តាយផ្តាច់មុខអោយបុរសជនជាតិជប៉ុន ក្រោយមន្ត្រីថៃ បានត្រួតពិនិត្យឃើញថា បុរសជប៉ុនមានការងារ និងលំនៅដ្ឋានគ្រប់គ្រាន់ដើម្បីផ្តល់ពេលវេលាល្អ អោយកូនរបស់ខ្លួនបាន។

សេចក្តីថ្លែងការណ៍ពីតុលាការថៃ លើកឡើងយ៉ាងដូច្នេះ «ដើម្បីសុភមង្គល និងឱកាសជាច្រើនដែលទារកទាំង១៣នាក់ នឹងទទួលបានពីឳពុកបង្កើតរបស់ពួកគេ ហើយក៏មិនធ្លាប់មានប្រវត្តិឬកពារមិនល្អផងនោះ តុលាការសម្រេចថា កូនទាំង១៣ ដែលកើតពីការពរពោះជំនួស ជាកូនស្របច្បាប់របស់ Mitsutoki Shigeta»។

បញ្ហាពរពោះជំនួស មុនមកដល់ប្រទេសថៃ សាជីវកម្មួមួយនេះ បានរីកធំធាត់ខ្លាំងឡើងនៅក្នុងប្រទេសឥណ្ឌា ឈានទៅដល់កម្រិតឧស្សាហកម្ម ដោយបានបង្កើនថវិការ ដល់ទៅ៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប៉ុន្តែឥណ្ឌា ក្រោយមកក៏បានហាមឃាត់មិនអោយមានសាជីវកម្មពរពោះជំនួសសម្រាប់ជនបរទេស នៅឆ្នាំ២០១៥ ព្រោះបារម្ភថា ស្ត្រីងាយរងគ្រោះ ងាយត្រូវគេប្រើប្រាស់ ធ្វើអាជីវកម្ម។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត