ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង​៧​ម៉ឺន​នាក់​កំពុង​ស្នាក់​នៅ​កម្ពុជា​

27/02/2018 -  363

​តាម​លទ្ធផល​នៃ​ការធ្វើជំរឿន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រកឃើញថា ជនបរទេស​អន្តោប្រវេសន៍​មាន​ចំនួន​សរុប ៤៦,៧៧៦ គ្រួសារ ស្មើ​នឹង​ចំនួន​មនុស្ស ១៧៦,៨១២​នាក់ ក្នុងនោះ​ស្រី​ចំនួន ៧៩,៧២៨​នាក់ កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ថ្លែង​ប្រាប់​ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ។​

​លោកនាយ​ឧត្តមសេនីយ៍​បញ្ជាក់ថា ក្នុងចំណោម​ជន​បរទេស​អន្តោប្រវេសន៍​ចំនួន​ជាង​១៧​ម៉ឺន​នាក់​នោះ មាន​ជនបរទេស​អន្តោប្រវេសន៍​ចំនួន ២០,២១៨ គ្រួសារ ស្មើ​នឹង​ចំនួន​មនុស្ស ៧៣,៣៩៧ នាក់ ក្នុងនោះ​ស្រី ៣៥,៨៨៨ នាក់ មាន​០៥ សញ្ជាតិ កំពុង​កាន់កាប់ ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ឯកសារ​ទាំងនោះ មាន​០៧​ប្រភេទ​ឯកសារ ។​

​ឯកសា​រទាំង​០៧​ប្រភេទ​នោះ​រួមមាន សៀវភៅ​ស្នាក់នៅ​ចំនួន ១៨,៥៨០ ក្បាល​, សៀវភៅ​គ្រួសារ​ចំនួន ២,១៧៧ ក្បាល​, សំបុត្រ​កំណើត​ចំនួន ១១,៣៣៦ ច្បាប់​, សំបុត្រ​អាពាហ៍ពិពាហ៍​ចំនួន ២៤១ ច្បាប់​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ៦,៧២២ ប័ណ្ណ​, លិខិត​ឆ្លង​ដែន​កម្ពុជា​ចំនួន ៦៣២​ក្បាល និង​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ​ចំនួន ៤១ ប័ណ្ណ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត