ទីបំផុត Facebook​បញ្ចប់​ការបែងចែក News Feed និង Explore feed​ហើយ​!

02/03/2018 -  492

​នៅ​ទី​បំផុត​ទៅ លោក Mark Zuckerberg អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ បានបញ្ចប់​ការ​ធ្វើ​តេស្ដ​សាកល្បង លើ​ការបែងចែក News Feed និង Explore feed​នៅក្នុង​ប្រទេស​ទាំង​០៦​ហើយ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផង​ដែរ​។​

​បើ​តាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានឲ្យដឹងថា ក្រុមហ៊ុន Facebook បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​អះអាង​ថា ខ្លួន​បាន​សម្រេចចិត្ត​បិទ​បញ្ចប់ ការ​ធ្វើ​តេស្ដ​សាកល្បង​នេះហើយ ដោយសារតែ​មាន​មហាជន​ជាច្រើន បាន​ប្រាប់​ក្រុមហ៊ុន​ថា ពួកគេ​មិន​ចូលចិត្ត ចំពោះ​ការផ្លាស់ប្ដូរ​កន្លងមក​នោះទេ​។​

គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ក្រុមហ៊ុន Facebook បាន​សាកល្បង នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន ដោយ​បែងចែក ការ​បង្ហោះ​ជា​ពីរ​គឺ News Feed និង explore feed ដែល​ផ្ដោត​លើ​ការ​បង្ហោះ​រូបភាព និង​ការធ្វើ​បច្ចុប្បន្នភាព​ពី​មិត្តភក្តិ និង​គ្រួសារ ទៅលើ​ប្រទេស​ចំនួន​៦ រួមមាន កម្ពុជា បូ​លី​វី ហ្គា​តេ​ម៉ាឡា ស៊ែរ​ប៊ី ស្លូ​វ៉ាគី និង​ស្រីលង្កា​។ ប៉ុន្តែ​ការ​បែងចែក​នេះ បាន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ និង​អ្នក​ធ្វើ​ពាណិជ្ជកម្ម​តាម Facebook មាន​ការ​មិន​ពេញចិត្ត​ជាខ្លាំង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត