Tottenham Hotspur ខកចិត្តនៅទឹកដីខ្លួនឯង

08/03/2018 -  331

នឹកស្មានមិនដល់ថាក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវធ្លាក់ចេញពី UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅទឹកដីរបស់ខ្លួនសោះ ដោយដឹងថាក្រុមអង់គ្លេសមួយនេះបានតស៊ូ យ៉ាងស្វិតស្វាញកាលពីជើងទី១ នៅទឹកដីអ៊ីតាលីរបស់ក្លិបសេះបង្កង់ Juventus លទ្ធផល 2-2។

ក្តីរំពឹងឡើងទៅកាន់វគ្គបន្តរបស់ Tottenham Hotspur នៅ UEFA Champions League ត្រូវបញ្ចប់ ក្រោយត្រូវក្រុមសេះបង្កង់ Juventus ផ្តួលនៅវគ្គ១៦ក្រុម ដោយលទ្ធផលសរុបទាំង២ជើង គឺ ៤ទល់នឹង៣។

នៅក្នុងជំនួបនាកីឡដ្ឋាន Wembley ក្រុមមាន់ខ្នាយមាស ជាអ្នករកគ្រាប់បាល់បានមុនគឺ Heung-Min Son ស៊ុតបញ្ចូលទីនៅ៦នាទី មុនចប់វគ្គទី១។ ប៉ុន្តែ មកដល់វគ្គទី២ ក្រុមភ្ញៀវមកពីអ៊ីតាលី បានបង្ហាញ ការលេងល្អជាង ដោយនាទី៦៤ Gonzalo Higuain ជាអ្នកតាមស៊ុតបញ្ចូលទី១គ្រាប់ស្មើគ្នា រំលងតែ ៣នាទី Higuain បានសាងសា្នដៃម្តងទៀត ដោយបញ្ចូនបាល់អោយ Paulo Dybala ធ្វើការស៊ុតថែម១ គ្រាប់ទៀត អោយក្រុមអ្នកចាត់ការ Massimiliano Allegri យកឈ្នះ ២ទល់នឹង១តែម្តង។

Spur ដែលឡើងវគ្គ៨ក្រុម UEFA Champions League ជាលើកចុងក្រោយ នៅរដូវកាល ២០១០-១១ បានចាញ់ជាលើកដំបូង ក្នុងចំណោម១៨ប្រកួត ខណៈ ក្រុមសេះបង្កង់មិនចាញ់តាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំទៅ គិតមកទល់ពេលនេះគឺ២០ប្រកួតហើយ។

ដូចនេះ Juventus រួមជាមួយ Liverpool ,Manchester City និង Real Madrid គឺជា៤ក្រុមដំបូងដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០១៧-១៨ នេះ៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត