UEFA ពិន័យ PSG និង Basel ដោយសារទង្វើរបស់អ្នកគាំទ្រ

09/03/2018 -  300

ក្លិប Paris St Germain និង Basel ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា (UEFA) ចោទប្រកាន់ជុំវិញអាកប្បកិរិយារបស់អ្នកគាំទ្រពួកគេ ក្នុងជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ Champions League សប្ដាហ៍នេះ។

PSG ទទួលការចោទ៤ករណី រួមទាំងការប្រើប្រាស់កាំជ្រួចនិងភ្លើងឡាស៊ែអំឡុងការប្រកួតជាមួយ Real Madrid នៅ Parc des Princes ថ្ងៃទី៦ខែមីនាឆ្នាំ២០១៨។ ការប្រកួតកាលពីថ្ងៃអង្គារនោះ ត្រូវបានផ្អាកមួយរយៈខ្លីក្នុងតង់ទី២នៅពេលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដុតកាំជ្រួចភ្លើងបណ្ដាលឱ្យមានផ្សែងក្រាលគ្របទីលាន។ លើសពីនេះទៀត ក្លិបអ្នកមានបារាំង ក៏រងការចោទពីបទរៀបចំ មិនបានគ្រប់គ្រាន់ និងរារាំងការឡើងជណ្ដើរលើក្រុម Real ផងដែរ។

មួយវិញទៀតទាក់ទិននិងក្លិបរបស់ស្វ៊ីស Basel វិញរងការចោទប្រកាន់ជុំវិញការដុតកាំជ្រួចនៅទឹកដី Manchester City។ Basel បានឈ្នះ២-១នៅកីឡដ្ឋាន Etihad កាលពីថ្ងៃពុធទី៧ខែមីនា ប៉ុន្តែចាញ់ ដោយគ្រាប់បាល់សរុប២-៥។

ករណីខាងលើនឹងត្រូវបានដោះស្រាយដោយគណៈកម្មាធិការវិន័យ ក្រមសីលធម៌ និងគ្រប់គ្រងរបស់ UEFA នៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៨៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត