ក្រុមហ៊ុន ធំៗ​១២ ប្រកាស​រើស​បុគ្គលិក​ជាង​១​ពាន់​នាក់​

10/03/2018 -  830

​វេទិកា​ការងារ​ ដែល​ត្រូវបាន​រៀបចំឡើង​ ជា​រៀងរាល់​ខែ ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ក្លាយជា​កន្លែង​ដែល​ប្រមូលផ្តុំ​ដោយ​ឱកាស ការងារ និង​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក​ដ៏​ទូលំទូលាយ​តាមរយៈ​កំណើន​នៃ​ក្រុមហ៊ុន​/​សហគ្រាស​នានា​ដែល​មក​ប្រើប្រាស់​សេវា​ជ្រើសរើស​បុគ្គលិក​របស់​រដ្ឋ​មួយ​នេះ​។ ជាក់ស្តែង​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៨​នេះ NEA បាន​ជួយ​សម្របសម្រួល និង​ជ្រើសរើស បុគ្គលិក កម្មករ និយោជិត ចំនួន​១៥០០​នាក់​ឲ្យទៅ​ក្រុមហ៊ុន​/​សហគ្រាស​នានា​នៅក្នុង​វេទិកា​ការងារ​ទាំង​៥​លើ​ក​របស់​ខ្លួន​។

ដោយឡែក​សម្រាប់​ខែ​មីនា ឆ្នាំ​២០១៨ នេះ NEA នឹង​រៀបចំ​វេទិកា​ការងារ​ចំនួន​២​លើក គឺ​លើក​ទី​១​នៅ​ថ្ងៃ​ទី​១៥ និង​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៩ ដែល​នឹង​នាំ​យក​ឱកាស​ការងារ​ចំនួន ១២៧៩ កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​១២​។ វេទិកា​ការងារ​ទាំង​ពី​លើក​នេះ​នឹង​រៀបចំ​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់ ម៉ោង​៥​ល្ងាច​។

​លោក អាំង ភារៈ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា វេទិកា​ការងារ​នេះ បាន​រួមចំណែក​ជួយ​ដល់​និយោជក​ដែល​កំពុង​មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក ឲ្យបាន​ជួប​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ផ្ទាល់​តែម្តង​។ អ្នក​ដែល​មាន​បំណង​ស្វែងរក​ការងារ គឺ​គ្រាន់តែ​កាន់​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​មក​ចូលរួម​ប៉ុណ្ណោះ​។ វេទិកា​នេះ បាន​ផ្ដល់​ឱកាស​ដល់​សាធារណៈជន ក៏ដូចជា​ដល់​យុវជន​ដែល​ចង់​ស្វែង​ការងារ​ធ្វើ​តាមរយៈ​ស្ថាប័ន​រដ្ឋ​ដោយ​មិន​ពិបាក​ដើរ​ស្វែងរក​ការងារ ឬ​ចំណាយ​ពេល​ធ្វើដំណើរ​ទៅ​ដាក់​CV ​នៅតាម​បណ្តា​ក្រុមហ៊ុន​នោះ​ទេ ចំពោះ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ហើយ​តែ​ចង់​ផ្លាស់ប្ដូរ​ការងារ​ក៏​អាច​ចូលរួមបាន​ផងដែរ​។

ព័ត៌មានផ្សេងទៀត