“​តុលាការ​មហាជន​”នឹងមាន​ទៀត​ទេ ក្រោយ​មាន​ករណី​​លោក​ស៊ុយ សារ៉េត​?

13/03/2018 -  243

​មិនមែន​ជា​លើក​ទី​១​ទេ ដែល​តុលាការ​មហាជន តែងតែ​ប្រើ​អំពើហិង្សា ទៅលើ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ព្យាយាម​បើក​រត់គេច ឬ​ចាប់បាន​នៅ​នឹង​កន្លែងកើតហេតុ​។ ប៉ុន្តែ​នាពេលនេះ អាចនិយាយបាន​ថា ជា​លើកដំបូង ដែល​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បាន​ក្លាយទៅជា​ជនរងគ្រោះ ព្រមទាំង​បាន​ដាក់ពាក្យ​ប្តឹង អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​មក​លើ​ខ្លួន​ផង​ដែរ​។​

​កន្លងមក ឲ្យតែ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាច​រណ៍ ជនបង្ក​ភាគច្រើន​ជា​អ្នកបើករថយន្ត តែងតែ​រងរបួស​ស្ទើរ​សុះសាច់ ដោយសារ​ទទួលរង​នូវ​កណ្តាប់ដៃ រន្ទះ​ជើង ពី​តុលាការ​មហាជន ហើយ​អ្នក​ទាំងនោះ មិន​ដែល​រង​ការចោទប្រកាន់ ឬ​ប្តឹងផ្តល់​អ្វី​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មភាព​ហិង្សា​បែប​នេះ កើតឡើង​ស្ទើរ​ក្លាយ​ជា​ទម្លាប់​។​

​ចំពោះ​ករណី លោក​ស៊ុយ សារ៉េត សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​កម្ពុជា អាច​ចាត់ទុកថា ជា​មេរៀន​មួយ សម្រាប់​ក្រុម​ជន​ដែល​តែងតែ​ចូលចិត្ត ប្រើ​អំពើហិង្សា មិន​គោរព​ច្បាប់ទម្លាប់​សង្គម កែប្រែ​នូវ​ទង្វើ​អសីលធម៌​របស់ខ្លួន​។ រូបភាព​ហិង្សា លើ​លោក​ស៊ុយ សារ៉េត កាលពី​ថ្ងៃ​ទី ១១ មីនា ជា​រឿង​ដ៏​គួរឲ្យ​រន្ធត់ ដោយសារតែ​ជនរងគ្រោះ​ត្រូវបាន ជនបង្ក​មួយក្រុម ព្រួត​វាយ​ប៉ង​សម្លាប់ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ​។ ករណីនេះ ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ចាប់ខ្លួន អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា យក​មក​ផ្តន្ទាទោស​ផងដែរ​។​

​កញ្ញា សារ៉េត សុ​ផា​ធិតា​ពេជ្រ ត្រូវជា​កូនស្រី​បង្កើត​របស់​លោក ស៊ុយ សារ៉េត បាន​សម្រេច​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ ដល់​មេធាវី​របស់​ខ្លួន លោក ឈី សម្បត្តិ រៀបចំតាក់តែង​ពាក្យបណ្តឹង ដើម្បី​ប្តឹង​ក្រុម​ជន​បង្ក​មួយក្រុម ដែល​បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត អំពើ​ហិង្សា​មាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ ដែល​បាន​កើតឡើង​មក​លើ​ឪពុក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ​។

​លិខិត​ពាក្យបណ្តឹង​រប​ស់លោក​មេធាវី ឈី សម្បត្តិ បាន​ដាក់​ពាក្យបណ្តឹង ស្នើសុំ​ស្រាវជ្រាវ​អំពី​សាវតា​របស់​ក្រុម​ជនបង្ក ដើម្បី​ស្វែងរក​ចាប់ខ្លួន ឱ្យ​មក​ទទួលខុសត្រូវ ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ស្របតាម​ច្បាប់​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទាមទារ​សំណង​ជួសជុល​ការខូចខាត ថ្លៃ​ថ្នាំ​ព្យាបាល ការខាតបង់​ពេលវេលា និង​សំណង​ជំងឺ​ចិត្ត​សរុប​ចំនួន ១.២០០.០០០.០០០ រៀល (​មួយ​ពាន់​ពីរ​រយ​លាន​រៀល​) ប្រមាណ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​លីកាដូ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ករណីនេះ អាច​ជា​គំរូ​មួយ ក្នុង​ការកែប្រែ​នូវ​ទម្លាប់​ល្មើសច្បាប់ របស់​មហាជន​មួយចំនួន ដែល​តែងតែ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​ដែល​ប្រព្រឹត្ត នូវ​ទោស​កំហុស​អ្វីមួយ​។ លោក អំ សំអាត បាន​សង្កត់ធ្ងន់ថា កាលណា​យើង​ប្រើប្រាស់​អំពើហិង្សា យើង​នឹង​ក្លាយទៅជា​ជន​ប្រព្រឹត្ត​បទល្មើស ដែល​ច្បាប់​ត្រូវតែ​ចាត់វិធានការ​ដូចគ្នា​។​

​លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម បានបញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ ពុំ​ធូររលុង ចំពោះ​អ្នកប្រព្រឹត្ត​អំពើហិង្សា​នេះ តាំងពីដើម​មក​ទេ ក៏​ប្រហែលជា​មិន​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​បែបនេះ​ដែរ​។ លោក​មាស នី បង្ហាញ​ការគាំទ្រ ចំពោះ​សកម្មភាព​ដេញ​តាម​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​ការប្រើ​អំពើហិង្សា មិន​គួរ​ឲ្យ​កើតមាន​ឡើយ ព្រោះ​មាន​ច្បាប់​ជា​អ្នក​ផ្តន្ទាទោស​។​

​បើ​តាម​ពាក្យបណ្តឹង របស់​ក្រុមគ្រួសារ​លោក​ស៊ុយ សារ៉េត បានឲ្យ​ដឹង​ផងដែរ​ថា អំពើ និង​សកម្មភាព របស់​ក្រុម​ជនបង្ក បាន​បង្ហាញឲ្យឃើញថា ពួកគេ​មាន​ចេតនា​ទុច្ចរឹត បង្ក​ឲ្យមាន​ចលាចល​ក្នុង​សង្គម បង្កើត​ឲ្យមាន​ការភ័យខ្លា​ច​ដល់​ម្ចាស់​រថយន្ត​ដទៃទៀត​។ ធ្វើឲ្យប៉ះពាល់​ដល់​សីលធម៌ដ៏​ល្អ​ផូរផង់​របស់​សង្គម​ជាតិ​ទាំងមូល និង​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដោយ​ខុសច្បាប់ ក្នុងការ​ឈឺឆ្អាល​ចំពោះ​អ្នកដទៃ ធ្វើ​ជា​លេស​ដើម្បី​ធ្វើ​សកម្មភាព​​​​​រំលោភ​សិទ្ធិ​ស្របច្បាប់ របស់​អ្នកដទៃ រំលោភ​ការអនុវត្ត​ច្បាប់ និង​រំលោភ​ដែន​សមត្ថកិច្ច​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ កម្លាំង​សមត្ថកិច្ច ក្រោម​ការបញ្ជា​ដោយ​ផ្ទាល់ ពី​សំណាក់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដែល​បាន​ប្រើប្រាស់​អំពើហិង្សា ខណៈ​ដែល​ជន​មួយចំនួន​បាន​រត់គេចខ្លួន និង​មួយចំនួន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត