បាតុ​ភូត​​ព្រះ​អាទិត្យ​​រះ​​ចំ​​កណ្ដាល​​កំពូល​​អង្គរវត្ត​​អាច​​កើត​មាន​​ចន្លោះ​​ថ្ងៃ​​​២០​-​២២​​មីនា​​

14/03/2018 -  654

​ក្រសួង​ទេសចរណ៍ អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ចូលរួម​ទស្សនា និង​ផ្ដិត​រូបភាព បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។

​ក្រសួង​ទេសចរណ៍ តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ បានឱ្យដឹងថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ចំនួន​២​ដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅក្នុង​ខែមីនា និង​លើក​ទី​២ នៅក្នុង​ខែកញ្ញា​។ ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត​នេះ ស្ដែង​ឱ្យឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទ​អង្គរ ដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ​យើង កសាង​ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរឱ្យ​ស្ងប់ស្ងែង​។​

​ក្រសួង​មួយ​នេះ បាន​បញ្ជាក់ទៀតថា នៅ​ឆ្នាំនេះ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​៥:០០ នាទី ដល់​ម៉ោង​៧:០០ នាទី​ព្រឹក​។ ក្រសួង​ទេសចរណ៍ បាន​អះអាងថា ព្រឹត្តការណ៍ដ៏​អស្ចារ្យ​នេះ តែងតែមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​រង់ចាំ​ទស្សនា និង​ផ្ដិត​យក​រូបភាព​រាប់ម៉ឺន​នាក់​។​

​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តការណ៍ដ៏​មហស្ចារ្យ​នេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ការប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី លើក​ទី​៣ ក្រោម​ប្រធានបទ «Selfie អង្គរ​អច្ឆរិយៈ​» ដោយ​ជ្រើសរើស​រូបថត ដែលមាន​អ្នកគាំទ្រ​ច្រើនជាងគេ​ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួលបាន​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ និង​រង្វាន់​លើកទឹកចិត្ត​លេខ​១ ចំនួន​១​លាន​រៀល លេខ​២ ចំនួន​៨០​ម៉ឺន​រៀល និង​លេខ​៣ ចំនួន​៥០​ម៉ឺន​រៀល​។​

​ជាមួយគ្នា​នោះ ក្រសួង​ទេសចរណ៍ បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ចូលរួម​ទស្សនា និង​ផ្ដិត​រូបភាព​ដ៏​មហស្ចារ្យ​នេះ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តការណ៍​នេះ ឱ្យបាន​ទូលំទូលាយ​ដើម្បី​ចូលរួម​ដល់​យុទ្ធនាការ​«​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ប្រកបដោយ​ភាពកក់ក្ដៅ​»៕

ព័ត៌មានផ្សេងទៀត