អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​៖ គ្មាន​ហេតុផល​អ្វី​ត្រូវ​ប្រតិកម្ម​ឡាវ​រឿង​ដាក់បញ្ចូល​ចង្វាក់​រាំវង់​

14/03/2018 -  305

​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់​ពី​បានលឺ​ព័ត៌មាន​ថា ប្រទេស​ឡាវ កំពុង​រៀបចំ​ឯកសារ ក្នុង​ការស្នើ​ដាក់បញ្ចូល​ចង្វាក់​រាំវង់ ជា​ភាសា​ឡាវ​ហៅថា​« Lam Vong » ចូលទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​។
​លោក Bouangern Xaphouvong អនុ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ កាលពី​ថ្ងៃ​ទី​០៩ មីនា បានអនុញ្ញាត​ឲ្យ​មន្ត្រី តំណាង​តាម​វិស័យ​ពាក់ព័ន្ធ​នានា មក​ពី​ពិភាក្សា នៃ​ការស្នើ​ដាក់បញ្ចូល របាំ​រាំវង់ « Lam Vong » ចូលទៅ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

​ជុំវិញ​ព័ត៌មាន​ដ៏​រសើប បាន​ធ្វើ​ឲ្យ​តារា​សិល្បៈ​មួយចំនួន បង្ហាញ​ការមិន​ពេញចិត្ត ដោយ​ពួកគេ​បានគិត​ថា ចង្វាក់រាំ​វង់​នេះ ជា​ចង្វាក់​ប្រពៃណី​ខ្មែរ តាំងតែ​ពី​ដើម​មក​ម្ល៉េះ​។​

​តារា​សិល្បៈ​ពហុ​ជំនាញ អ្នកនាង ខាត់ សុខ​ឃីម បាន​បញ្ចេញ​មតិ​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា “​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ឡាវ ដែល​បាន​មើលឃើញ និង​យល់​តម្លៃ​នៃ​ចង្វាក់​រាំវង់ ហើយ​បាន​ដាក់បញ្ចូល​ទៅ​ជា​បេតិកភណ្ឌ​របស់ខ្លួន​។ សង្ឃឹមថា ម្ចាស់​ថ្មី​នៃ ចង្វាក់​រាំវង់ នឹង​ផ្តល់​ភាព​យកចិត្តទុកដាក់​ទៅលើ​រូបអ្នក​ជា​រៀងរហូត​។ អ្នក​នៅ​ធ្វើ​អី បើ​គេ​មើល​មិន​ឃើញ​ពី​តម្លៃ​អ្នកផង​”​។​

​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ លោក​ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ មានប្រសាសន៍​យ៉ាង​ខ្លី​ថា ក្រសួង​វប្បធម៌ មិន​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ប្រតិកម្ម ជាមួយ​ឡាវ​នោះទេ​? ព្រោះ​ចង្វាក់​នេះ ជា​សម្បត្តិ​វប្បធម៌​ដែល​ជាតិ​សាសន៍​នី​មួយៗ មាន​លក្ខណៈ​ស្រដៀង​ខ្មែរ​។ ដូច្នេះ​យើង​មិន​អាច​ទៅ​ហួងហែង​បានទេ​។

​សូមបញ្ជាក់​ថា បើ​តាម​ការស្រាវជ្រាវ និង​តាមរយៈ​សៀវភៅ ដែល​និពន្ធ​ដោយ​លោក ទុំ ពេជ្រ​ក្រវិល បានឲ្យដឹងថា រាំវង់​ខ្មែរ​បច្ចុប្បន្ន​កើតចេញ ពី​ការ​រាំវង់​របស់​សហគមន៍​ខ្មែរ​ដើម ឬ​ខ្មែរលើ​ដែល​ជា​ជនជាតិ​ភាគតិច ដូចជា ព្នង គ្រឹង ព្រៅ និង​ទំ​ពូន​។ ប្រការនេះ គឺជា​ភស្តុតាង​បង្ហាញ​ឲ្យដឹងថា របាំ​រាំវង់​ត្រូវបាន​បង្កើតឡើង ដោយ​បុព្វការី​ខ្មែរ យ៉ាង​ពិតប្រាកដ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ មុន​ឥទ្ធិពល​ឥណ្ឌា​។

 

ព័ត៌មានផ្សេងទៀត