Arsenal ទម្លាក់ AC Milan ចេញពី UEFA Europa League

16/03/2018 -  142

ខ្សែប្រយុទ្ធ Danny Welbeck បានស៊ុត២គ្រាប់ ក្នុងចំណោមជ័យជំនះ ៣-១ របស់ក្រុមកាំភ្លើងធំ Arsenal លើ AC Milan នៅជើងទី២ វគ្គ១៦ក្រុម UEFA Europa League។ ការធ្វើបានយ៉ាងល្អនេះ គឺចំថ្ងៃដែលកីឡាករវ័យ២៦ឆ្នាំ ខាងលើត្រូវកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសវិញផងដែរ។

ជំនួបនាទីលាន Emirates កាលយប់មិញ គឺក្រុមភ្ញៀវមកពីអ៊ីតាលីបបើកការនាំមុខមុន ដោយ Hakan Calhanoglu ស៊ុតចូលទីពីចម្ងាយនៅនាទី៣៥។ ប៉ុន្តែ៤នាទីក្រោយមក ពោលគឺនាទី៣៩ Danny Welbeck បានស៊ុតបាល់ពិន័យ១១ម៉ែត្រសងស្មើវិញ។ ការពិន័យនេះកើតឡើងដោយសារកីឡាករ ភ្ញៀវ Ricardo Rodriguez បានបង្កកំហុសលើរូបគេ។ ចប់វគ្គទី១ ម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ ២-១។

មកដល់វគ្គទី២ AC Milan បានបង្កើនការវាយសម្រុករបស់ខ្លួន នឹងមានឳកាសធ្វើច្បាស់ៗជាច្រើនដង តែមិនអាចរួចផុតពីដៃអ្នកចាំទី David Ospina នោះទេ។ រីឯកូនក្រុមអ្នកចាត់ការ Arsene Wenger ក៏មិនបណ្តោយអោយដៃគូគ្របសង្កត់រហូតនោះដែរ គឺប្រឹងវាយលុកទៅវិញរហូតទម្លាយសំណាញ់ទី បាន១គ្រាប់ទៀត នៅនាទី៧០ ដោយ Granit Xhaka។ នាទី៨៦ Welbeck បានធានាជ័យជម្នះ អោយក្រុមកាំភ្លើងធំ ដោយស៊ុតគ្រាប់ចុងក្រោយក្នុងការប្រកួតនេះ។

កាលជើងទី១នាទី ទឹកដី San Siro, Arsenal នាំមុខ ២-០ រួចទៅហើយ បូករួមទាំងលទ្ធផលលើកនេះ ទៀត គឺ៥ទល់នឹង១ ដែលគ្រប់គ្រាន់អោយពួកគេកក់កៅអីទៅវគ្គ៨ក្រុម ជាលើកដំបូងចាប់ពីឆ្នាំ ២០១០មក៕

ប្រភព ៖ BBC Sports

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត