មិន​ធម្មតា​! កម្ពុជា​មាន​លក់​រថយន្ត Rolls Royce ប្រភេទ​មាន​តែ​មួយ​គ្រឿង​ក្នុង​លោក

20/03/2018 -  154

​ពិតជា​មិន​ធម្មតា​មែន កំពូល​រថយន្ត​ប្រណិត Rolls Royce One Of One ដែល​មាន​តែ​មួយ​គ្រឿង​ក្នុង​លោក មាន​លក់​នៅ​កម្ពុជា​។ តាមរយៈ​ការបង្ហាញ​លក់រ​បស់​ឃ្លាំង​រថយន្ត Kimsrun Premium Auto​បានឲ្យដឹងថា រថយន្ត Rolls-Royce នេះ គឺជា​ម៉ូ​ដែល Christened Nautica ដែល​គំនិត​នៃ​ការ​រចនា​រូបរាង​របស់​វា​ចេញមក​ពី​នាវា​កម្សាន្ត​។ រថយន្ត​ស៊េរី​នេះ​មាន​បំពាក់​ពណ៌​ទាក់ភ្នែក​ចំនួន​ពីរ គឺ​ពណ៌​ស និង ពណ៌​ទឹកសមុទ្រ​។​

​តាមរយៈ​រូបភាព​គេ​ឃើញ​ថា ពណ៌​ទឹកសមុទ្រ គឺ​ស្ថិតនៅ​ពាក់កណ្ដាល​ផ្នែក​ខាងលើ នៃ​រថយន្ត និង​នៅ​ជុំវិញ​ស្លាក​សញ្ញា Rolls-Royce ដែល​ស្ថិតនៅ​កណ្ដាល​ថាស​កង់​។ ចំណែក​ពាក់កណ្ដាល​នៃ​តួ​រថយន្ត​ចុះ​ក្រោម​គឺ​មាន​ពណ៌​ស និង​មាន​ស្នាម​ឆូត​ពណ៌​ខៀវ​ចំនួន​ពីរ​ខ្សែ ព្រមទាំង​មាន​ឆ្លាក់​សញ្ញា​យុថ្កា​ថែមទៀត​ផង​។ ចំណែកឯ​ការ​រចនា​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​ម៉ូ​ដែល​នេះ​មាន​ការផ្លាស់ប្ដូរ​បន្តិច​បន្តួច ដើម្បីឲ្យ​មានអារម្មណ៍​ដូចជា​នា​វា​កម្សាន្ត​លើ​សមុទ្រ​។​

​ចំពោះ​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត Christened Nautica នេះ​មិន​ខុសគ្នា​ពី​ម៉ូ​ដែល​មុន​នោះ​ទេ គឺ​មាន​ម៉ាស៊ីន​ប្រភេទ V12 ទំហំ ៦,៧៥​លីត្រ កម្លាំង ៤៥៣​សេះ ដែល​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​០-៩៦​គ​.​ម​/​ម៉ ក្នុង​រយៈពេល​តិចជាង​៦ វិនាទី​។​

​រថយន្ត Rolls Royce One Of One ដែល​កំពុង​ដាក់​លក់​នៅ​កម្ពុជា​នេះ មាន​២​ប្រភេទ គឺ​ប្រភេទ Phantom  និង Drophead  ទ្វារ​២ ដែល​មាន​តម្លៃ ប្រមាណ​៦០​ម៉ឺន​ដុល្លារ​។

​យ៉ាងណាមិញ Rolls Royce One Of One Phantom សេរី​ថ្មី​ចេញ​ចុងក្រោយ ចេញ​ឆ្នាំ​២០១៨​វិញ មានតម្លៃ​ប្រមាណ​១​លាន​២​សែន​ដុល្លារ​។​

ព័ត៌មានផ្សេងទៀត