ស្ថាបនិក​​ក្រុមហ៊ុន​ហ្វេ​សប៊ុក​​ចេញមុខ​សុំទោ​ស​ករណី​​មាន​ការបំផ្លាញ​​ទិន្នន័យ​អ្នកប្រើប្រាស់​

22/03/2018 -  275

​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​សប៊ុក​លោក​Mark Zuckerberg​បាន​ទទួលស្គាល់ថា បណ្ដាញ​សង្គម​របស់លោក​ពិតជា​មាន​កំហុស ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​ហ្វេស​ប៊ុ​ក​រាប់លាននាក់ ត្រូវបាន​គេ​ទាញយក​ទិន្នន័យ​។ ក្រុមហ៊ុន​Cambridge Analytica ជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​មួយ​របស់​អង់គ្លេស ត្រូវបាន​ជួល​ឲ្យធ្វើ​ការ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ​២០១៦ រង​ការចោទប្រកាន់ថា បាន​បំផ្លាញ​ទិន្នន័យ​អ្នកលេង​ហ្វេ​សប៊ុក​៥០​លាន​នាក់ ប៉ុន្ដែ​ក្រុមហ៊ុន​បាន​បដិសេធ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​លោក​Zuckerberg​និយាយថា ការបំផ្លាញ​ភាពជឿ​ទុកចិត្ដបាន​កើតមាន​ឡើង​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​CNN លោក​ថា​លោក​ពិតជា​សុំទោស ហើយ​ប្ដេជ្ញា​ចាត់វិធានការ​ប្រឆាំង​កម្មវិធី​បោក​បញ្ឆោត​។ លោក​បន្ថែមថា លោក​ពិតជា​រីករាយ​ក្នុង​ការចូល​បំភ្លឺ​នៅមុខ​សភា ប្រសិនបើ​វា​ជា​រឿង​ត្រឹមត្រូវ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​លោក​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក​បានឲ្យដឹង​ដែរថា លោក​សន្យា​នឹង​មិនឲ្យ​កម្មវិធី​នា​នា​មក​បំផ្លាញ​ទិន្នន័យ​អ្នកប្រើប្រាស់​បាន​ស្រួលៗ​ឡើយ​។ “​យើង​មាន​ការទទួលខុសត្រូវ​ក្នុង​ការការពារ​ទិន្នន័យ​របស់​អ្នក តែបើ​យើង​មិនអាច​ធ្វើបាន យើង​ក៏​មិន​សម​នឹង​ទទួល​ការងារ​នេះដែរ​។​” នេះ​ជា​សម្ដី​សង្កត់ធ្ងន់​របស់លោក​Zuckerberg៕

ព័ត៌មានផ្សេងទៀត