ទីក្រុងប៉េកាំងបានយល់ព្រមឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Baidu Inc ធ្វើតេស្ដសាកល្បងរថយន្ដបើកបរដោយស្វ័យប្រវត្ដិនៅក្នុងក្រុងហើយ។ វាគឺជាជំហានដ៏សំខាន់ខណៈចិនកំពុងពឹងផ្អែកលើជំហរក្នុងការប្រណាំងប្រជែងផ្នែករថយន្ដបើកបរដោយស្វ័យប្រវត្ដិនៅក្នុងពិភពលោក។ ទីក្រុងប៉េកាំងអនុញ្ញាតឲ្យក្រុមហ៊ុន Baiduធ្វើតេស្ដសាកល្បងរថយន្ដស្វ័យប្រវត្ដិនៅលើដងផ្លូវចំនួន៣៣ នៅតំបន់ជាយក្រុងដែលមានប្រជាជនតិច មានចម្ងាយប្រមាណ១០៥គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន។
ក្រុមហ៊ុនBaiduកំពុងដឹកនាំបច្ចេកវិទ្យារថយន្ដគ្មានមនុស្សបើក ខណៈទីក្រុងប៉េកាំងចង់ប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួនដូចជាក្រុមWaymo។ ក្រុមហ៊ុនBaiduមានរថយន្ដបើកបរដោយស្វ័យប្រវត្ដិផ្ទាល់ខ្លួនឈ្មោះថា Apollo។ អនុប្រធានក្រុមហ៊ុនBaiduនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជាមួយនឹងគោលនយោបាយគាំទ្រ លោកជឿជាក់ក្រុងប៉េកាំងនឹងក្លាយជាមជ្ឈមណ្ឌលឈានមុខសម្រាប់ឧស្សាហកម្មបើកបរដោយស្វ័យប្រវត្ដិនេះ៕