សិស្ស​ខ្មែរ​២៥​នាក់​ក្នុងចំណោម​១​ពាន់​នាក់​ទទួល​មេ​ដាយមាសការគិត​លេខ​រហ័ស​នៅ​ថៃ​

24/03/2018 -  209

​លោក លឹម សុភា នាយក​ប្រតិបត្តិ​អង្គការ​ពុទ្ធិ​កុមារ​បាន​ថ្លែងថា ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ភាព​វៃឆ្លាត​ក្នុង​ការគិត​លេខ​រហ័ស នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ យើង​បាន​បញ្ជូន​សិស្ស ដែល​មាន​អាយុ​ពី​៦​ឆ្នាំ ដល់​១៣​ឆ្នាំ ចំនួន​២៥​នាក់ ទៅ​ប្រកួតប្រជែង​នៅ​ប្រទេស​ថៃ ។ ក្នុងនោះ យើង​ទទួលបាន​ជ័យលាភី​មេដាយមាស ទាំង​២៥​នាក់ និង​មាន​ម្នាក់​បាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​បេក្ខភាព​សរុប​ចំនួន ១.០០០​នាក់​ពី​ប្រទេស​ថៃ​។​

​លោកបញ្ជាក់ថា នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ គម្រោង CCMA របស់​អង្គការ​ពុទ្ធិ​កុមារ នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ដណ្តើម​យក​ជ័យលាភី​បន្ថែមទៀត ។ 

​គូសបញ្ជាក់ថា គម្រោង CCMA គឺជា​គម្រោង​របស់​អង្គការ​ពុទ្ធិ​កុមារ ដែល​បាន​ចាប់ផ្តើម​ធ្វើ​នៅ​ឆ្នាំ​២០០៥ ។ គម្រោង​នេះ មាន​ប្រវត្តិ​ចេញ​ពី​អង្គការ​អន្តរជាតិ​បារាំង​មួយ មានឈ្មោះ​ថា អង្គការ​កុមារ​ភៀសខ្លួន​ពិភពលោក ដែល​បាន​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៥​រហូតមក​ទល់​ឆ្នាំ​២០០៥ ។ 

​គម្រោង CCMA នៃ​អង្គការ​ពុទ្ធិ​កុមារ មាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ និង​បាន​ចូល​ជា​សមាជិក​សម្ព័ន្ធ នៃ​សាលា​គិត​លេខ​រហ័ស​ចំនួន​២ ដែល​មាន​សមាជិក​មក​ពី​ជាង​២០​ប្រទេស​លើ​ពិភពលោក ហើយ​ត្រូវបាន​គណៈ​គ្រប់គ្រង​របស់​សម្ព័ន្ធ គិត​លេខ​រហ័ស​អន្តរជាតិ (AIAMA) ជ្រើសរើស និង​តែងតាំង​ជា​ប្រធាន​សម្ព័ន្ធ​របស់ (AIAMA) ប្រចាំ​នៅ​កម្ពុជា ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត