ព្រះរាជអាជ្ញា​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ជនដៃដល់​បាញ់​សម្លាប់​សត្វ​ទន្សោង​ព្រៃ

24/03/2018 -  84

​ករណី​បាញ់សម្លាប់ សត្វ​ទន្សោង​គោ​ព្រៃ ដ៏​កម្រ​មួយ​ក្បាល ពី​សំណាក់​ជន​ដៃដល់ នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ មីនា​កន្លងទៅនេះ ត្រូវបាន​លោក​កែវ សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​មាន​វិធានការណ៍ ចំពោះ​ជន​ដៃដល់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។​

​សត្វ​ទន្សោង​គោព្រៃ​ឈ្មោល​មួយ​ក្បាល ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម ដែល​ជា​សត្វ​កម្រ ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ត្រូវ​គេ​បាញ់សម្លាប់ នៅ​ចំណុច​ភ្នំ​ពពូល ក្នុង​ព្រៃ​សហគមន៍​ចំ​រាក ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។ ករណីនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនដៃដល់​ម្នាក់​ឈ្មោះ សូ ស៊ីណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​សូមបញ្ជាក់​ថា ទាក់ទង​នឹង​ករណី​នេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​បាញ់​សម្លាប់​សត្វព្រៃ​ដ៏​កម្រ ជាពិសេស​សត្វ ដែល​រស់នៅ ក្នុង​ដែន​អភិរក្ស​។ ជាក់ស្តែង ដូចជា​ករណី​សម្លាប់​សត្វ​ទន្សោង​គោព្រៃ​មួយ​ក្បាល មាន​ទម្ងន់​រហូត​ដល់​ខ្ទង់រយ​គីឡូក្រាម​នេះ គឺជា​បទល្មើស និង​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​កំហិត​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត