សមាគមក្លិបបាល់ទាត់អឺរ៉ុបស្នើឱ្យបញ្ចូលការសម្រាកសម្រាប់កីឡាករក្នុងកម្មវិធីជម្រើសជាតិ

29/03/2018 -  368

សមាគមក្លិបបាល់ទាត់អឺរ៉ុប ECA ចង់ឱ្យមានការកំណត់រយៈពេលសម្រាកនៅក្នុងកាលវិភាគរបស់ក្រុម ជម្រើសជាតិ ដើម្បីផ្ដល់ពេលវេលាដល់កីឡាករបំបាត់ភាពនឿយហត់ពីការប្រកួតនិងការហ្វឹកហាត់ ប្រចាំថ្ងៃ។

ប្រធានសមាគមក្លិបបាល់ទាត់អឺរ៉ុប លោក Andrea Agnelli និយាយថាវាជាចំណុចសំខាន់ ជាងអ្វី ទាំងអស់ក្នុងការគាំពានិងគោរពតួអង្គឯក គឺកីឡាករ។ លោក Agnelli ដែលជាប្រធានក្លិប Juventus ផងនោះ បន្ថែមថា ECA នឹងជំរុញឱ្យមានការកាត់បន្ថយជារួមលើការប្រកួតរបស់ក្រុមជម្រើសជាតិ និងដាក់ចេញនូវពេលវេលាសម្រាកដល់កីឡាករសម្រាប់កាលវិភាគថ្មីនៃក្រុមជម្រើសជាតិ ដែលចាប់ ផ្ដើមពីឆ្នាំ២០២៤ទៅ។

កាលវិភាគក្រុមជម្រើសជាតិបច្ចុប្បន្នត្រូវបានរៀបចំឡើងដោយ FIFA តាំងពីប្រធានមុន ដោយសម្រប សម្រួលជាមួយកាលវិភាគនានាទូទាំងពិភពលោក ដើម្បីឱ្យការប្រកួតរបស់ក្រុមជម្រើសជាតិ និង ពានរង្វាន់ក្រុមជម្រើសជាតិមិនជាន់គ្នាជាមួយកម្មវិធីប្រកួតរបស់ក្លិបក្នុងស្រុក។

កាលវិភាគបច្ចុប្បន្នត្រូវបានរៀបចំរហូតដល់ឆ្នាំ២០២៤ ដែលមានការប្រកួតរបស់ក្រុមជម្រើសជាតិពី ៨ទៅ១០ប្រកួតក្នុងមួយឆ្នាំ បន្ថែមពីលើពានរង្វាន់ធំៗដូចជា World Cup, Euro, Copa America ជាដើម។

កីឡាករកំពូលៗក្នុងមួយរដូវកាលអាចលេង៦០ទៅ៧០ប្រកួតយ៉ាងងាយសម្រាប់ក្លិបនិងជម្រើសជាតិ ហើយលោក Agnelli ទាមទារឱ្យក្លិបនានាពិគ្រោះយោបល់មុនកាលវិភាគជម្រើសជាតិបន្ទាប់ត្រូវ បានធ្វើសេចក្ដីព្រាង៕

ប្រភព&រូបថត៖ Reuters

កែសម្រួល៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត