ជាលើកដំបូងក្នុងរយៈពេល ៨០ ឆ្នាំដែល World Cup គ្មានអាជ្ញាកណ្ដាលអង់គ្លេស

30/03/2018 -  414

យោងតាមការជ្រើសរើសពីសមាគមបាល់ទាត់ពិភពលោក ព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ី នឹងមិនមានវត្តមានអាជ្ញាកណ្ដាលកាត់សេចក្ដីពីចក្រភពអង់គ្លេសឡើយ ខណៈអាជ្ញាកណ្ដាល៣៦ នាក់មកពីប្រទេសឯទៀតត្រូវបានជ្រើសរើសរួចស្រេច។

នេះជាលើកទី១តាំងពីឆ្នាំ១៩៣៨មក ដែល World Cup ជុំផ្ដាច់ព្រ័ត្រគ្មានអាជ្ញាកណ្ដាលជនជាតិ អង់គ្លេស, ស្កុតលែន, វេលស៍ ឬ អៀរឡង់ខាង ជើង។

លោក Mark Clattenburg ជាអាជ្ញាកណ្ដាលមកពីអង់គ្លេសម្នាក់គត់ចូលរួមដឹកនាំព្រឹត្តិការណ៍ FIFA World Cup 2018 និងអាចស្ថិតក្នុងបញ្ជីចុងក្រោយទៅរុស្ស៊ី ប៉ុន្តែលោកបានឈប់ប្រកបការងារនៅ Premier League ទៅហើយ។ លោក Clattenburg ដែលបានកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ Euro 2016 បានទៅធ្វើជាប្រធានអាជ្ញាកណ្ដាលនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក Howard Webb គឺជាអាជ្ញាកណ្ដាលអង់គ្លេសម្នាក់គត់ដែលចូលរួមព្រឹត្តិការណ៍ FIFA World Cup ២លើកចុងក្រោយ នៅឆ្នាំ២០១០ និង ២០១៤។ លោកបានដឹកនាំការប្រកួតផ្ដាច់ព្រ័ត្រ២០១០ ដែលអេស្ប៉ាញឈ្នះហូឡង់ នៅអាហ្វ្រិកខាងត្បូង។

FIFA World Cup 2018 នេះក៏តម្រូវឲ្យប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្ដាលផងដែរ៕

ប្រភព៖ BBC Sport

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត