ទីបំផុត​ពលរដ្ឋ​ខ្មែរ​-​អាមេរិកកាំង​៤៣​នាក់ ត្រូវបាន​បញ្ជូន​មក​ប្រទេស​កំណើត​វិញ​

05/04/2018 -  289

​នៅ​ទីបំផុត ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ចំនួន​៤៣​នាក់ (​ស្រី​៣​នាក់​) ក្នុងចំណោម​៥១​នាក់ ត្រូវបាន​អាជ្ញាធរ​អាមេរិក​បញ្ជូន​ឲ្យ​ត្រឡប់ មក​ប្រទេស​កំណើត​វិញ នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា​នេះ​។​

​លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ពួកគេ​ទាំងនេះ បាន​ទៅ​រស់នៅ​ប្រទេស​អាមេរិក តាំងពី​មុន​ឆ្នាំ​១៩៩៤ ហើយក៏​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ រហូតដល់​ជាប់ពន្ធនាគារ​។ ក្រោយ​ពេល​អនុវត្ត​ទោស​រួចរាល់ ពួកគេ​ត្រូវបាន​អាមេរិក សម្រេច​បញ្ជូន ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០២​។ កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែ​រណា ដែល​ប្រព្រឹត្ត​ល្មើស​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយ​ពេល​អនុវត្ត​ទោស​រួចរាល់​។ 

​ប៉ុន្តែ​កាលពី​ចុងឆ្នាំ​២០១៧ ការបញ្ជូន​ពលរដ្ឋ​ខ្មែរ ពី​អាមេរិក​ត្រូវបាន​ខកខាន ដោយសារតែ អាមេរិក មិន​ព្រម​តាម​សំណើ​កម្ពុជា ដែល​ស្នើ​ឲ្យ​កែប្រែ​លក្ខខណ្ឌ មួយចំនួន នៅក្នុង​កិច្ចព្រមព្រៀង​នេះ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។ ជុំវិញ​បញ្ហា​នេះ សហរដ្ឋអាមេរិក បានសម្រេច​ផ្អាក​ទិដ្ឋាការ ដល់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស និង​សាច់ញាតិ​របស់​ពួកគេ​។ ជាមួយគ្នានេះ កម្ពុជា​ក៏​បាន​សម្រេច​ផ្អាក​កិច្ច សហប្រតិបត្តិការ​កម្ពុ​ជា​-​អាមេរិក ក្នុង​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត