ឆាប់ៗ​នេះ រាល់​ការប្រើ​ថង់ប្លាស្ទិក​នៅ​ផ្សារ​ទំនើប​នឹង​ត្រូវគិ​តលុយ​បន្ថែម​

05/04/2018 -  276

​បើ​លោក​អ្នក​មិន​ចង់​អស់​លុយ​បន្ថែម លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិក ពេល​ទៅ​ទិញ​របស់​ប្រើប្រាស់ ឬ​ទំនិញ​ផ្សេងៗ នៅ​ផ្សារ​ទំនើប អ៊ី​អន​ទេ លោកអ្នក​គួរតែ​យក​ក​ន្ទ្រក ទៅ​ជាមួយ​ផង​។ ​ថ្មីៗ​នេះ ផ្សារ​ទំនើប​អ៊ី​អន បាន​ជូនដំណឹង​ថា រាល់​ការទិញ​ទំនិញ​ផ្សេងៗ ដែល​ត្រូវបាន​ប្រើប្រាស់​ដាក់​ក្នុង​ថង់ប្លាស្ទិក​នោះ គឺ​ត្រូវ​គិត​តម្លៃ​បន្ថែម ពោល​គឺ​ថង់ប្លាស្ទិក​១ មានតម្លៃ​៤០០​រៀល (១០​សេន​)​។ ការអនុវត្ត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ខាងមុខ​នេះ​តទៅ​។​

​ការប្រកាស​ដាក់​ចេញ​គោលការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី មានការ​ប្រកាស​ពី ក្រសួង​បរិស្ថាន ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព លើ​ការកាត់បន្ថយ ការ​នាំចូល ការផលិត និង​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏ដូចជា​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព និង​បរិស្ថាន​។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ការតម្រូវ​ឲ្យ​ហាង​ទំនិញ គិត​កម្រៃ​បន្ថែម​ពី​អតិថិជន លើ​ការប្រើប្រាស់​ថង់ប្លាស្ទិក​នេះ មិនមែន​ជា​ការធ្វើ​អាជីវកម្ម ដើម្បី​រក​ចំណូល​បន្ថែម​នោះទេ ប៉ុន្តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏​ដូចជា​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​គិតគូ​ពី​បញ្ហា​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សំណើ​របស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ បាន​ចេញ​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង​ថង់ប្លាស្ទិក ដែល​មាន​គោលដៅ​៥​សំខាន់​៖

ទី​១. ការ​កំណត់​តួនាទី និង​ពង្រឹង​ការទទួលខុសត្រូវ របស់​ក្រសួង ស្ថាប័ន អង្គភាព​ជំនាញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការ​នាំចូល ការផលិត ការ​ចែកចាយ និង​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​ការកែច្នៃ​សំណល់​ថង់ប្លាស្ទិក 

​ទី​២. កំណត់​អំពី​វិធានការ​ទូទៅ​លើ​ការគ្រប់គ្រង​ថង់ប្លាស្ទិក 

​ទី​៣. កំណត់​វិធានការ​គិត​កម្រៃ​បន្ថែម​លើ​ការប្រើប្រាស់​ថង់ប្លាស្ទិក​របស់​អតិថិជន 

​ទី​៤. អប់រំ និង​លើកកម្ពស់​ការយល់ដឹង​សាធារណៈ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​កម្មវិធី​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា 

និង​ទី​៥ ជម្រុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្នុង​ការកែច្នៃ​សំណល់​ថង់ប្លាស្ទិក នៅក្នុង​ស្រុក និង​ការផលិត​សម្ភារ​ប្លា​ស្ទិក ដែល​ងាយ​ពុកផុយ​។​

​តាម​របាយការណ៍ របស់​ធនាគារ​ពិភពលោក (World Bank) បានឲ្យដឹងថា ក្នុង​រយៈពេល ០១​នាទី ថង់ប្លាស្ទិក​ចំនួន​២​លាន​ថង់ ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក ដែល​ស្មើនឹង​៣​ពាន់​លាន​ថង់​ក្នុង​មួយថ្ងៃ​។​
​យោងតាម​របាយការណ៍ ជា​មធ្យម​ប្រជាជន​កម្ពុជា​ម្នាក់ ប្រើប្រាស់​ថង់ប្លាស្ទិក អស់​ចំនួន​២០០​ថង់​ក្នុង​មួយខែ ដែល​ស្មើនឹង​២៧០០​ថង់​ក្នុង​មួយឆ្នាំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត