សាលាក្រុង​ដាក់ចេញ​ផែនការ​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ ចរាច​រណ៍ ថ្ងៃ​ចូលឆ្នាំថ្មី​

09/04/2018 -  60

​ជា​រៀងរាល់ឆ្នាំ ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ធំ​ម្តងៗ ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ តែងតែ​ដាក់ចេញ​នូវ​ផែនការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការសម្រួល​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ឲ្យ​រៀបចំ ការរក្សា​សណ្តាប់ធ្នាប់ គ្រោះ​អគ្គីភ័យ និង​រំដោះ​បញ្ហា​កកស្ទះ​ចរាច​រណ៍​ផងដែរ​។​ ​ការដាក់ចេញ​នូវ​ផែនការ របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០៩ ខែ​មេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា ការយកចិត្តទុកដាក់ លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​នេះ ជា​ការងារ​ដ៏​សំខាន់បំផុត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​យក​ទុកដាក់​ពីព្រោះថា ក្រៅ​ពី​ប្រជាពលរដ្ឋ​ចាកចេញ ពី​ភ្នំពេញ ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត រស់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ ការពារ​សន្តិសុខ​ផងដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ត្រូវមាន​ភារកិច្ច​ត្រួតពិនិត្យ សន្តិសុខ​សណ្តាប់ នៅ​តាម​គោលដៅ ដែល​មាន​មនុស្ស​ប្រមូលផ្តុំ ដូច​ជា​វត្ត​អា​រ៉ា​ម រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាដើម​។ សម្រួល​ចរាចរណ៍ ដើម្បី​កុំឲ្យ​មាន​ការកកស្ទះ និង​កាត់បន្ថយ​ជា​អតិបរិមា ដែល​ប្រជាពលរដ្ឋ បាន​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ នៅ​តាម​ច្រក​ផ្លូវជាតិ​សំខាន់ៗ​។​

​ដោយឡែក បញ្ហា​សំរាម ក៏​ត្រូវតែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ផងដែរ ជាពិសេស នៅ​រាល់ពេល​ដែល​បញ្ចប់​ពិធីបុណ្យ​ធំៗ នា​ពេល​កន្លងមក​នោះ ប្រជាពលរដ្ឋ ទទួលបាន​នូវ​ផា​សុកភាព នូវ​ភាពសប្បាយ​រីករាយ សុវត្ថិភាព ដោយសារ​តែ​ការប្រមូល​សំរាម​បានល្អ ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​មានភាព​ស្រស់បំព្រង ហើយ​ក្រោយពី​ពិធីបុណ្យ​បញ្ចប់​ទីក្រុង បាន​កាត់បន្ថយ​នូវ​សំរាម ពាសវាល​ពាសកាល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត