ខ្សែ​​រថភ្លើង​​ពី​​ស្ថានីយ៍​​ទៅ​​ព្រលាន​យន្តហោះ​​ត្រូវ​​បាន​ដា​ក់​ឲ្យ​ដំណើរ​ការ​​សាកល្បង

10/04/2018 -  62

​ក្នុងចំណោម​គម្រោង​ដឹកជញ្ជូន​ចំនួន​០៤ ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រកាស​ដាក់ឲ្យ​ដំណើរការសាក​ល្ប​ង​នៅមុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ការដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នូវរ​ថ​ភ្លើង​ពី​ស្ថានីយ៍​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​នេះ គឺជា​សមិទ្ធិផល​ទី​៣​បន្ទាប់ពី​ការដា​ក់ឲ្យដំណើរការ​រថភ្លើង​ពី​ប៉ោយប៉ែត​មក​សិរី​សោ​ភណ័​នៅ​ថ្ងៃទី​៤ មេសា និង​បើ​កឲ្យប្រើប្រាស់​កាណូ​តដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​តាខ្មៅ​កាលពី​ថ្ងៃទី​០៦ មេសា​។​

​ថ្លែង​ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​នៅថ្ងៃនេះ  លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​បានឲ្យដឹងថា រថភ្លើង​ថ្មី​ចំនួន​៣​គ្រឿង​នឹង​ដឹក​ពី​ប្រទេស​មិ​ច​សិកូ​មក​ដល់កម្ពុជា​នៅ​អំឡុង​ខែមិថុនា​ខាងមុខ ខណៈដែល​បច្ចុប្បន្ននេះ​ត្រូវ​ប្រើប្រាស់​រថភ្លើង​ដែលមាន​ស្រាប់​បណ្ដោះអាសន្ន​សិន​។ បើតាម​លោក​រដ្ឋមន្ត្រី ការដាក់ឲ្យ​ប្រើប្រាស់​រថ​ភ្លើង​ដឹក​អ្នកដំណើរ​នេះ នឹង​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំណេញ​ពេលវេលា​ផងដែរ​។ 

សូម​បញ្ជាក់ដែរថា គម្រោង​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ចូល​ព្រលានយន្តហោះ​នេះ រត់​លើផ្លូវ​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ដែល​បោះទុន​សាងសង់​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រៀល​វ៉េ (Royal Railway) និង​ក្រសួង​សាធារណការ​។ ខ្សែ​រថភ្លើង​នេះ​ចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែ​មករា និង​បានបញ្ចប់​នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៨​។​

​ក្នុងដំណាក់កាល​សាកល្បង​នេះ បានដាក់​ទូរថភ្លើង​ឲ្យ​ដំណើរការ​ចំនួន​២ សម្រាប់​ដឹក​អ្នកដំណើរ​។ ទូ​នីមួយៗ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​១០០​នាក់​។ ជាមួយគ្នានេះ អ្នកដំណើរ​ទាំង​អស់មិ​ន​ត្រូវបាន​គិត​ប្រាក់​ឡើយ ក្នុង​រយៈពេល​៣​ខែ​នៃ​ដំណើរការ​សាកល្បង​៕

ព័ត៌មានផ្សេងទៀត