ទណ្ឌិត​៥០​នាក់ត្រូវ​បាន​លើកលែងនិ​ង​បន្ធូរបន្ថយ​ទោស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

11/04/2018 -  92

​ក្រសួងយុត្តិធម៌​បាន​ប្រជុំ ពិនិត្យ​លើ​ទណ្ឌិត​ចំនួន​៣២១​នាក់ ដែល​ដាក់​ស្នើ​ដោយ​គណៈកម្មការ ក្រសួងមហាផ្ទៃ​និង​គណៈកម្មការ​រាជធានី​ខេត្ត ដើម្បី​ស្នើសុំ​បន្ធូរបន្ថយ​និង​លើកលែងទោស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨​។ លទ្ធផល កិច្ចប្រជុំ​បានសម្រេច​ឲ្យ​ទណ្ឌិត​៥០​នាក់ នៅក្នុង​នោះ​មាន​ស្ត្រី​៦​នាក់ ដើម្បី​ស្នើ ​ព្រះមហាក្សត្រ បន្ធូរបន្ថយ​និង​លើកលែងទោស​។ ក្នុងចំណោម​ទណ្ឌិត​៥០​នាក់ មាន​ទណ្ឌិត​ដែល​ត្រូវ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ បន្ថូរបន្ថយ​ទោស​ចំនួន​៤២​នាក់ និង​លើកលែងទោស​ចំនួន​៨​នាក់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការបញ្ជាក់​ជាថ្មី ពី​លោក​គឹម សន្តិភាព​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​នោះទេ នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៨​។ ប៉ុន្តែ​កន្លងមក លោក​ធ្លាប់បាន​បញ្ជាក់ថា ទណ្ឌិត​ដែល​អាច​ស្នើសុំ​បន្ធូរបន្ថយ​ទោស​បាន លុះ​ណា​ពួកគេ​អនុវត្ត​ទោស​ឲ្យបាន​១​ភាគ​៣​។ ចំពោះ​ទណ្ឌិត​ដែល​អាច​សុំ​លើកលែងទោស​បាន ត្រូវអនុវត្ត​ទោស​ឲ្យបាន​២​ភាគ​៣​។ 

សូមបញ្ជាក់ថា ក្នុង​មួយៗ​ឆ្នាំ​កម្ពុជា បាន​លើកលែង​និង​បន្ធូរបន្ថយ​ទោស ដល់​ទណ្ឌិត​ចំនួន​៣​លើក រួមមាន​នៅ​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យអុំទូក​និង​បុណ្យ​ពិសាខបូជា​។ គួរ​ជម្រាបជូន​ដែរថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ព្រះមហាក្សត្រ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​សរុប​ចំនួន​១៥៧​នាក់ មាន​ស្ត្រី​២០​នាក់ ត្រូវបាន​បន្ធូរបន្ថយ​និង​លើកលែងទោស ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន ៧២​នាក់ ពិធី​បុណ្យពិសាខបូជា​ចំនួន​៣៥​នាក់ និង​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ៥០​នាក់​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​៕

ព័ត៌មានផ្សេងទៀត